(ប៉ារីស)៖ ក្លិបបាល់ទាត់ Stade de Reims បានសម្រេចចែកផ្លូវជាមួយអ្នកចាត់ការ Will Still ដោយមានការព្រមព្រៀងគ្នាទៅវិញទៅមក។ នេះបើតាមការប្រកាសពីក្លិបលេងនៅ Ligue 1 ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

Still បានក្លាយជាអ្នកចាត់ការវ័យក្មេងជាងគេ ក្នុងលីគកំពូលទាំង៥ នៅអឺរ៉ុប ត្រឹមវ័យ ៣០ឆ្នាំ នៅពេលដែលលោកចូលដឹកនាំ Reims នារដូវកាលមុន។

Reims ដែលបានឆ្លងកាត់ ១៩ប្រកួត មិនធ្លាប់ចាញ់សោះ ក្រោមការដឹកនាំរបស់លោក Still កាលពីរដូវកាលមុននោះ បានចាញ់ ៣ប្រកួតចុងក្រោយរបស់ពួកគេ ក្នុងនោះរួមទាំងការចាញ់ ៤-១ កាលពីថ្ងៃអាទិត្យ ក្រោមថ្វីជើងក្រុមបាតតារាង Clermont Foot ផងដែរ។

បច្ចុប្បន្ន Reims កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១១​ ក្នុងតារាងលីគកំពូលបារាំង Ligue 1 ហើយមិនធ្លាប់ឈ្នះសោះ គិតចាប់តាំងពីខែមីនាមក។

សូមជម្រាបថា Reims ដែលមាន ៤០ពិន្ទុ ពី ៣១ប្រកួតនោះ នឹងធ្វើដំណើរទៅជួបក្លិបចំណាត់ថ្នាក់ទី៣ Brest នៅថ្ងៃទី១០ ខែឧសភាខាងមុខ៕