(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូល Premier League របស់អង់គ្លេស បានបាត់បង់ឱកាសក្នុងការទទួលបានកៅអី ៥ស្វ័យប្រវត្តិ ក្នុងការលេងពានអឺរ៉ុប UEFA Champions League សម្រាប់រដូវកាលក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

តាមរយៈជ័យជម្នះរបស់ក្លិប Borussia Dortmund ទៅលើគូប្រជែង Paris Saint Germain នៅរាត្រីថ្ងៃពុធ ក្រោយពេល Bayern Munich លេងស្មើ ២-២ ទល់នឹង Real Madrid សម្រាប់ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League នោះ បានជួយឱ្យអាល្លឺម៉ង់រកបាន ១៨.៣៥៦ពិន្ទុប្រចាំទ្វីបអឺរ៉ុប ដោយបានចូលរួមប្រទេសអ៊ីតាលីផងដែរ ក្នុងការទទួលបានកៅអី៥ ដោយស្វ័យប្រវត្តិដើម្បីលេងពាន UCL ដែលបានកែប្រែច្បាប់ថ្មីនារដូវកាលក្រោយតទៅ។

បន្ថែមលើនេះប្រទេសទាំងពីរ នឹងមានក្រុមដល់ទៅ៦ លេងនៅ Champions League រដូវកាលឆ្នាំ២០២៤-២០២៥ ប្រសិនបើ Dortmund ឈ្នះពានធំនេះ និងបញ្ចប់នៅក្រៅតំបន់ Top-4 ក្នុងលីគអាល្លឺម៉ង់ Bundesliga គ្រាដែល Atalanta ឬក៏ Roma របស់អ៊ីតាលីឈ្នះជើងឯកពានលំដាប់ទី២ UEFA Europa League រដូវកាលនេះ។

គួរបញ្ជាក់ផងថា អង់គ្លេសដែលនៅសល់ Aston Villa លេងក្នុងពានអឺរ៉ុប ដែលបានឈានមកដល់វគ្គ ៤ក្រុមចុងក្រោយ UEFA Europa Conference League ដោយប៉ះ Olympiakos និងឈ្នះពាននេះក៏ដោយ ក៏អង់គ្លេសរកបានត្រឹម ១៨.២៥ពិន្ទុប៉ុណ្ណោះ៕