(បរទេស)៖ ឧស្សាហកម្មរថយន្តរបស់ប្រទេសចិន ត្រូវបានគេមើលឃើញថា ឈានដល់ចំណុចសំខាន់ជាប្រវត្តិសាស្ត្រថ្មីមួយ ដោយការលក់បានកើនលើស ៣០លានគ្រឿងទាំង លើកដំបូងក្នុងឆ្នាំ២០២៣។ សមិទ្ធិផលដ៏សំខាន់នេះ បានពង្រឹងជំហររបស់ប្រទេសចិនជាទីផ្សាររថយន្តឈានមុខគេរបស់ពិភពលោក និងត្រួសត្រាយផ្លូវ សម្រាប់ភាពលេចធ្លោកាន់តែខ្លាំងនៅក្នុងវិស័យរថយន្តអគ្គិសនី ខណៈពេលនេះចិនបានដាក់គោលដៅលក់រថយន្តឲ្យបាន៦០លានគ្រឿងក្នុងឆ្នាំ២០៣០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Gizmo China។

អ្នកជំនាញខាងឧស្សាហកម្មនេះ បានព្យាករណ៍ពីអនាគតដ៏ភ្លឺស្វាង សម្រាប់ឧស្សាហកម្ម រថយន្តអគ្គិសនីរបស់ប្រទេសចិន ជាមួយនឹងសក្តានុពលក្នុងការចាប់យកចំណែកទីផ្សារពិភពលោកដ៏គួរឱ្យភ្ញាក់ផ្អើលនៅឆ្នាំ២០៣០។ បរិមាណលក់ប្រចាំឆ្នាំ ដែលបានព្យាករណ៍ចំនួន៦០លានគ្រឿង ទៅលើប្រភេទរថយន្តអគ្គិសនី ជាការកើនឡើងគួរឱ្យកត់សម្គាល់ពីតួលេខពិភពលោកបច្ចុប្បន្ន។

ទស្សនវិស័យសុទិដ្ឋិនិយមនេះ កើតចេញពីចំណុចប្រសព្វនៃកត្តារួមផ្សំមួយចំនួន គឺទីមួយ ប្រទេសចិនមានចំណែក ៣២% នៃទីផ្សាររថយន្តពិភពលោក និងជាង ៦០% នៃចំណែកទីផ្សាររថយន្តអគ្គិសនីពិភពលោក។ ទីពីរ ការផ្លាស់ប្តូរឆ្ពោះទៅរកវិស័យរថយន្តអគ្គិសនី គឺបានបង្ហាញពីឱកាសពិសេសមួយសម្រាប់ប្រទេសចិន ដើម្បីក្លាយជាប្រទេសនាំចេញ និងលក់រថយន្តធំជាងគេបំផុតនៅលើពិភពលោក។ ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តដំណើរការដោយម៉ាស៊ីនមកពីតំបន់អឺរ៉ុប អាមេរិក និងជប៉ុនពីមុន បានគ្របដណ្តប់ទីផ្សារ។

ចំណែកការកើនឡើងនៃរថយន្តអគ្គិសនី បានធ្វើឱ្យកម្រិតនៃការប្រគួតប្រជែងមានគម្លាតគ្នាខ្លាំងរវាងរថយន្តអគ្គិសនី និងរថយន្តប្រើម៉ាស៊ីន។ ចំណែកអាគុយអគ្គិសនី ប្រព័ន្ធម៉ូទ័រអគ្គិសនី និងការគ្រប់គ្រងអេឡិចត្រូនិក ដែលជាសារធាតុផ្សំស្នូលនៃរថយន្តអគ្គិសនី ដែលជម្រុញឲ្យប្រទេសចិនបានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស។

អនាគតនៃឧស្សាហកម្មរថយន្តពិភពលោក ហាក់ដូចជាមានឥទ្ធិពលកាន់តែខ្លាំង ហើយប្រទេសចិនមានទីតាំងល្អក្នុងការទាញយកប្រយោជន៍ពីការផ្លាស់ប្តូរនេះ។ ជាមួយនឹងគោលដៅប្រកបដោយមហិច្ឆតា ភាពជឿនលឿនផ្នែកបច្ចេកវិទ្យា និងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល បានជម្រុញឲ្យទីផ្សាររថយន្តរបស់ប្រទេសចិន បានត្រៀមខ្លួនសម្រាប់ការគ្រប់គ្រងទីផ្សារបន្តនៅក្នុងប៉ុន្មានឆ្នាំខាងមុខទៀតនេះ៕