(ឡុងដ៍)៖ អ្នកចាត់ការក្លិប Wolverhampton Wanderers លោក Gary O'Neil បានរងការហាមឃាត់ ១ប្រកួត និងពិន័យជាទឹកប្រាក់ ៨,០០០ផោន (៩,៩៨១ដុល្លារ) ពីបទមានអាកប្បកិរិយាគំរាមកំហែង បន្ទាប់ពីចាញ់ ២-១ ក្រោមថ្វីជើង West Ham United ក្នុងលីគ Premier League កាលពីខែមុន។ នេះបើតាមសមាគមបាល់ទាត់អង់គ្លេស (FA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

ក្លិប Wolves មានការខឹងសម្បារជាខ្លាំង កាលពីថ្ងៃទី០៦ ខែមេសា នៅពេលមានការរកគ្រាប់បាល់តាមស្មើ នៅម៉ោងបន្ថែមពីកីឡាករ Max Kilman ត្រូវបានអាជ្ញាកណ្តាល Tony Harrington បដិសេធ បន្ទាប់ពីការត្រួតពិនិត្យ VAR ឃើញថា បាល់ស្ថិតនៅជំហរក្រៅល្បែង (Offside)។

លោក O'Neil បានចាត់ទុកការហៅសួរនាំរបស់អាជ្ញាកណ្តាលជា «រឿងអាស្រូវ» និង «គួរឱ្យរន្ធត់» ស្របពេលប្រធានក្លិប Wolves លោក Jeff Shi បានជំរុញឱ្យ Premier League និងស្ថាប័នអាជ្ញាកណ្តាល «រក្សាសុចរឹតភាព» នៃលីគ។

លោក O'Neil ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់អាកប្បកិរិយា «គំរាមកំហែង» ទៅលើអាជ្ញាកណ្តាល។

FA បានបញ្ជាក់ថា O'Neil បានសារភាពចំពោះការចោទប្រកាន់នេះ ហើយនឹងមិនមានវត្តមានរបស់លោកនោះទេ សម្រាប់ការប្រកួតរបស់ Wolves ទល់នឹងគូប្រជែង Manchester City នៅថ្ងៃសៅរ៍សប្តាហ៍នេះ។

ប្រកួតបន្ទាប់ Wolves នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Crystal Palace និងទៅជួបក្លិប Liverpool ក្នុងលីគ៕