(បរទេស)៖ ក្រុមហ៊ុន Microsoft នឹងបើកមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះកំពុងសម្លឹងមើលការពង្រីកលទ្ធភាពទទួលបានសេវាកម្ម Cloud របស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

ដំណឹងនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីជានាយកប្រតិបត្តិធុរកិច្ចឥណ្ឌា-អាមេរិកលោក Satya Nadella បានប្រកាសពីការវិនិយោគ ដែលមានតម្លៃប្រមាណ ១.៧ពាន់លានដុល្លារក្នុងការវិនិយោគបញ្ញាសិប្បនិម្មិត (AI) និងគ្រឿងបរិក្ខា Cloud នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុន Microsoft បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការបើកដំណើរការមជ្ឈមណ្ឌលទិន្នន័យនៅក្នុងតំបន់ នឹងពង្រីកភាពអាចរកបាននៃសេវាកម្មខ្នាតធំរបស់ Microsoft»។

បន្ថែមពីនេះលោក Nadella បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងបាងកក ដោយសំដៅលើ Cloud Computing របស់ក្រុមហ៊ុនថា «វាមានន័យថា វាមិនត្រឹមតែមានសមត្ថភាពពេញលេញនៃសេវាកម្ម Cloud Azure នៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែវានឹងនាំមកនូវហេដ្ឋារចនាសម្ព័ន្ធ AI លំដាប់ពិភពលោកដ៏ល្អបំផុតផងដែរ»។ «មជ្ឈមណ្ឌលទិន្នន័យប្រទេសថៃ ក៏នឹងជួយដល់ភាពជឿជាក់នៃកម្រិតសហគ្រាស ការអនុវត្ត និងការអនុលោមតាមស្តង់ដាររក្សាទុក និងឯកជនភាពទិន្នន័យ»។

លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីថៃបាននិយាយថា មជ្ឈមណ្ឌលទិន្នន័យនេះ គឺស្របតាមគោលបំណងរបស់ប្រទេសថៃក្នុងការក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថល។ លោកបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ការវិនិយោគរបស់ Microsoft គឺជារបត់ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃ និងបង្កើនការប្រកួតប្រជែង»

គួរជម្រាបថា ក្រុមហ៊ុន Microsoft ធ្លាប់បានសន្យាថានឹងបណ្តុះបណ្តាលមនុស្សប្រមាណ ២.៥លាននាក់នៅអាស៊ីអាគ្នេយ៍ក្នុងការប្រើប្រាស់ AI នៅឆ្នាំ ២០២៥ខាងមុខនេះ៕