(ម៉ាទ្រីដ)៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ លោក Vicente del Bosque ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការថ្មី ដែលនឹងត្រូវត្រួតពិនិត្យ លើសហព័ន្ធបាល់ទាត់អេស្ប៉ាញ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

រដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសកាលពីសប្តាហ៍មុនថា គណៈកម្មាធិការពិសេសមួយ នឹងត្រូវបានបង្កើតឡើង រហូតដល់សហព័ន្ធរៀបចំការបោះឆ្នោត ដើម្បីរកអ្នកជំនួសលោក Luis Rubiales ដែលលោកជាអតីតប្រធានសហព័ន្ធនោះ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែមេសា ក្នុងផ្នែកមួយ នៃការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយ។

លោក Rubiales បានប្រឈមមុខនឹងការកាត់ក្តីដាច់ដោយឡែកមួយទៀត សម្រាប់ការបង្ខិតបង្ខំ និងការរំលោភផ្លូវភេទ ដែលគាត់បានបដិសេធ ចំពោះការថើមកីឡាការិនីបាល់ទាត់ Jenni Hermoso បន្ទាប់ពីអេស្ប៉ាញ បានឈ្នះពានរង្វាន់ Women's World Cup នៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០២៣។

រំលឹកផងថា លោក Del Bolque ធ្លាប់បានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញផ្នែកបុរស ឈ្នះបានពានរង្វាន់ World Cup ជាលើកដំបូងរបស់ពួកគេក្នុងឆ្នាំ២០១០ និងក្រោយមកទៀត ដណ្តើមបានពានរង្វាន់ European Championship ក្នុងឆ្នាំ២០១២។

ខណៈបុរសវ័យ ៧៣ឆ្នាំរូបនេះ ក៏ធ្លាប់បានឈ្នះពានរង្វាន់ចំនួន៨ អំឡុងពេលដឹកនាំ ៣លើកនៅឯក្លិប Real Madrid ក្នុងនោះរួមទាំងពានរង្វាន់ Champions League ចំនួន ២លើក ក្នុងឆ្នាំ២០០០ និងឆ្នាំ២០០២៕