(បរទេស)៖ ក្រុមហ៊ុន Microsoft បានប្រកាសឱ្យដឹងពីទំហំនៃការវិនិយោគថ្មីមួយដែលមានទឹកប្រាក់រហូតដល់ ១,៧ ពាន់លានដុល្លារ ក្នុងការពង្រីកសេវាកម្ម Cloud និងបញ្ញាសិប្បនិមិត្ត (AI) នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងរយៈពេល ៤ឆ្នាំខាងមុខ រួមទាំងការបង្កើតមជ្ឈមណ្ឌលទិន្នន័យផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

សេចក្ដីប្រកាសនេះ ត្រូវបានធ្វឡើងបន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បានទៅទស្សនកិច្ចនៅក្នុងទីក្រុង
ហ្សាការតាប្រទេសឥណ្ឌូនេស៊ី។ អាចនិយាយបានថា ឥណ្ឌូនេស៊ី ជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលលោក Nadella បានធ្វើដំណើរទៅទស្សនកិច្ចក្នុងគោលបំណងលើកកម្ពស់បច្ចេកវិទ្យា AI ខណៈដែលលោកនឹងទៅកាន់ប្រទេសម៉ាឡេស៊ី និងថៃនៅចុងសប្តាហ៍នេះ។

លោក Nadella បាននិយាយថា ការវិនិយោគរបស់ក្រុមហ៊ុន Microsoft នឹងនាំមកនូវហេដ្ឋារចនាសម្ព័ន្ធ AI ចុងក្រោយបំផុត និងអស្ចារ្យបំផុតទៅកាន់ប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ីនោះ លោក Nadella បានជួបជាមួយប្រធានាធិបតី Joko Widodo ដែលផុតអាណត្តិ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ដើម្បីពិភាក្សាអំពីការស្រាវជ្រាវ AI រួមគ្នា និងការអភិវឌ្ឍន៍ទេពកោសល្យ។ លោក Widodo បានស្នើឱ្យក្រុមហ៊ុន Microsoft បង្កើតមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅលើកោះរមណីយដ្ឋាន Bali ឬនៅក្នុងរដ្ឋធានីថ្មី Nusantara ដែលកំពុងសាងសង់នៅក្នុងតំបន់ព្រៃ Borneo ។

លោក Nadella បាននិយាយថា ក្រុមហ៊ុន Microsoft នឹងបណ្តុះបណ្តាលមនុស្សចំនួន ២,៥លាននាក់នៅអាស៊ីអាគ្នេយ៍ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI នៅឆ្នាំ ២០២៥ ដែលរួមមាន ៨៤០,០០០នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ក្រុមហ៊ុន Microsoft កំពុងព្យាយាមពង្រីកការគាំទ្ររបស់ខ្លួនសម្រាប់ការអភិវឌ្ឍន៍ AI ទូទាំងពិភពលោក រួមទាំងការវិនិយោគចំនួន ២,៩ ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ cloud និង AI នៅក្នុងប្រទេសជប៉ុន និងការវិនិយោគចំនួន ១,៥ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា AI ដែលមានឈ្មោះថា G42 ដែលមានមូលដ្ឋានៅអារ៉ាប់រួម។

ដំណើរទស្សនកិច្ចនៅទីក្រុងហ្សាការតារបស់ Nadella កើតឡើងពីរសប្តាហ៍បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានជួបលោក Widodo ហើយបាននិយាយថា គាត់នឹងពិនិត្យមើលការបង្កើតរោងចក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕