(ភ្នំពេញ)៖ អបអរសាទរ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) រដូវកាលទី១៧ ឆ្នាំ២០២៣-២៤ និងជាលើកទី៥ របស់ក្លិប ក្រោយប្រើពេល ១២០នាទីប្រកួតយ៉ាងស្វិតស្វាញយកឈ្នះក្រុមភ្នំពេញក្រោន ១-០ ក្នុងពហុកីឡដ្ឋានអូឡាំពិក នាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

ប្រកួតវគ្គផ្តាច់ព្រ័ត្រនេះមានអ្នកគាំទ្រចូលរួមទស្សនាយ៉ាងច្រើន ក្នុងពហុកីឡដ្ឋានអូឡាំពិក ដែលក្រុមទាំងពីរបានប្រជែងគ្នាយ៉ាងស្វិតស្វាញពេញ ៩០នាទីដំបូងតែមិនមានគ្រាប់បាល់បំប៉ោងសំណាញ់ទីជាផ្លូវការនោះទេ បានត្រឹមការស៊ុតក្នុងជំហរ (Off Side), ក្រុមទាំងពីរបានឈានដល់វគ្គប្រកួតម៉ោងបន្ថែម ១៥នាទី ២ដង ក្រុមព្រះខ័នរាជស្វាយរៀង ដឹកនាំដោយលោក Pep Munoz បានដាក់សម្ពាឆជាខ្លាំងទៅកាន់ក្រុមភ្នំពេញក្រោន ជាមួយការស៊ុតទៅវិញទៅមកផងដែរ។

ដ្បិតគ្រាប់បាល់ជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀង ធ្វើបានសម្រេចដោយកីឡាករសញ្ជាតិកាណាដា Marcus Haber នៅការលេង ១៥នាទី ក្នុងវគ្គទី២ ដែលជាលទ្ធលផ ១-០ រក្សារហូតចប់ការប្រកួត។

បញ្ជាក់ផងថា តាមរយៈលទ្ធផលនេះ ធ្វើឱ្យក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះបានពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ជាលើកទី៥ ក្នុងប្រវត្តិសាស្ត្រក្លិប ខណៈក្រុមរងជើងឯកភ្នំពេញក្រោន ក៏ធ្លាប់ធ្វើបាន ២លើកផងដែរ៕