(ភ្នំពេញ)៖ នៅក្នុងសង្គមជាតិនីមួយៗ អ្នករាជការសាធារណៈ ឬ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលជាមន្រ្តីបម្រើការតាមស្ថាប័នរដ្ឋនានា គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដូចេ្នះបើសិនជាស្ថាប័នរដ្ឋទាំងនោះ មាននូវមន្រ្តីដែលប្រព្រឹត្តអំពើពុករលួយ ដោយពុំមានការទប់ស្កាត់នោះទេ វានឹងក្លាយទៅជាកត្ដាអាក្រក់ដែលនាំឱ្យសង្គមជាតិនោះ មានភាពទន់ខ្សោយ និងបាត់បង់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ហើយមិនអាចមាននូវភាពរីកចម្រើន ដូចប្រទេសផ្សេងៗនោះឡើយ ។ ហេតុនេះ អ្នករាជការសាធារណៈ ឬ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលបំពេញការងារ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ គឺត្រូវតែមានកាតព្វកិច្ច ចូលរួមជួយទប់ស្កាត់នូវអំពើពុករលួយ និងរក្សាភាពយុត្តិធម៌ នៅក្នុងសង្គមជាតិ ។

គួរបញ្ជាក់ផងដែរថា ដោយសារតែអំពើពុករលួយ ជាសកម្មភាពខុសច្បាប់ ដែលកើតឡើងតាមរូបភាពផ្សេងៗពីគ្នាច្រើន ហេតុនេះហើយបានជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចែងនូវច្បាប់ ដោយចាត់នូវវិធានការយ៉ាងតឹងរ៉ឹង ដែលធ្វើការផ្តន្ទាទោស ទៅលើមន្រ្តីរាជការណាដែលបានប្រព្រឹត្តអំពើពុករលួយ ។ នៅក្នុងចំណោមបទល្មើសពាក់ព័ន្ធជាមួយអំពើពុករលួយជាច្រើន គឺមានបទល្មើសមួយហៅថា បទលើ្មសវីតិក្រម ដែលបទល្មើសមួយប្រភេទនេះ សាធារណជនទាំងអស់ គួរតែស្វែងយល់ សម្រាប់ជាចំណេះដឹង និងការពារខ្លួន ពីបុគ្គលទុច្ចរិត ។

ដូចនេះ ដើម្បីលម្អិតឱ្យកាន់តែច្បាស់ថាតើ បទល្មើស វីតិក្រម គឺជាអ្វី ? ហើយអ្នកដែលប្រព្រឹត្ត បទល្មើសមួយនេះនឹងត្រូវទទួលរងនូវទណ្ឌកម្មបែបណាពីសំណាក់ផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ បានលើកយកប្រធានបទស្តីពី «បទល្មើស វីតិក្រម» មកធ្វើការបង្ហាញជូនសាធារណជន សិស្ស និងនិសិ្សតទាំងអស់គ្នា ដូចខាងក្រោម។

ដោយយោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៥៩២ បានបញ្ញាត្តិឱ្យនិយមន័យថា វីតិក្រម គឺជាអំពើរបស់អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែល៖

* ១៖ ទាមទារ ឬ ទទួល ជាសិទ្ធិ ជាពន្ធ ជាអាករ នូវចំនួនប្រាក់ដែលខ្លួនបានដឹងថាមិនត្រូវបង់ ឬ ដែលលើសពីចំនួនដែលគេត្រូវបង់ ។
* ២៖ យល់ព្រមក្រោមរូបភាពណាមួយ និងដោយមូលហេតុណាមួយក៏ដោយ ធ្វើការលើកលែង ឬ ការលោះលាចំពោះការបង់ពន្ធ ឬ អាករដែលខ្លួនដឹងថាខុសច្បាប់ ។

តើបុគ្គលណាខ្លះជា អ្នករាជការសាធារណៈ ឬ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ?

អ្នករាជការសាធារណៈ គឺជាបុគ្គលដែលបម្រើការងារក្នុងស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ឬស្ថាប័នតុលាការ ដែលត្រូវបានតែងតាំងដោយលិខិតបទដ្ឋានគតិយុត្តិ ទោះជាអចិន្រៃ្តយ៍ ឬជាបណ្តោះអាសន្នក្តី ទោះជាបាន ឬមិនបានទទួលប្រាក់ឈ្នួលក្តី ដោយមិនគិតពីឋានៈ អាយុរបស់បុគ្គលនោះឡើយ ។ ចំណែកឯ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត គឺសំដៅដល់សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ព្រមទាំងជាពលរដ្ឋដែលទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដើម្បីបំពេញមុខងារសាធារណៈដទៃទៀត ។

ចំពោះបុគ្គលដែលបានប្រពឹត្តបទល្មើសខាងលើ គឺត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពីរ ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល នេះដោយយោងតាមមាត្រា ៥៩៣ ក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

ជាឧទាហរណ៍ ករណី លោក «ក» បានយកអត្តសញ្ញាណប័ណ្ណរបស់ខ្លួនទៅធ្វើការបញ្ជាក់នៅការិយាល័យច្រកចេញចូលតែមួយ ដើម្បីយកឯកសារនោះទៅប្រើប្រាស់ក្នុងការងារចាំបាច់ផ្ទាល់ខ្លួន ហើយនៅពេលដែលគាត់ទៅដល់ការិយាល័យច្រកចេញចូលតែមួយ ស្រាប់តែ លោក «ខ» ដែលជាមន្ត្រីបម្រើការងារនៅទីនោះផ្ទាល់ បានទាមទារឱ្យ លោក «ក» បង់នូវប្រាក់សម្រាប់ការងារបញ្ជាក់អត្តសញ្ញាណប័ណ្ណនោះ ក្នុងមួយសន្លឹកចំនួន ១០.០០០រៀល ទាំងដែលដឹងថាការបញ្ជាក់
អត្តសញ្ញាណប័ណ្ណខាងលើនេះ ច្បាប់មិនតម្រូវឱ្យប្រជាពលរដ្ឋធ្វើការបង់ប្រាក់សេវារដ្ឋបាលឡើយ (យោងតាមប្រកាសអន្តរក្រសួងរបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លេខ ១៤៣៤២.ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦) ដោយសារតែមានតម្រូវការចាំបាច់ លោក «ក» ក៏យល់ព្រមបង់តាមការទាមទាររបស់ លោក «ខ»

ចំពោះករណីបែបនេះ លោក «ខ» ដែលជាមន្រ្តីរាជការសាធារណៈ នឹងត្រូវផ្តន្ទាទោស ពីបទល្មើស វីតិក្រម ជាក់ជាមិនខាន ចំពោះអំពើល្មើសច្បាប់ដែលខ្លួនបានប្រព្រឹត្ត ។

សរុបជារួមមក បទល្មើស វីតិក្រម គឺមានគោលបំណងក្នុងការផ្ដន្ទាទោសយ៉ាងតឹងរ៉ឹង ទៅលើបុគ្គលដែលជាអ្នករាជការសាធារណៈ ឬ ពលរដ្ឋទទួលអាណត្តិសាធារណៈណា ដែលហ៊ានប្រព្រឹត្តអំពើពុករលួយដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ ។ ម្យ៉ាងវិញទៀត ការអនុវត្តទោសយ៉ាងតឹងរ៉ឹងបែបនេះ ក៏ជាកត្ដាមួយនាំឱ្យមានការកាត់បន្ថយនូវសកម្មភាពពុករលួយនៅតាមស្ថាប័នរដ្ឋនានា ដើម្បីឱ្យសង្គមជាតិមានការរីកចម្រើនផងដែរ ។

រៀបរៀងដោយ៖ លោកស្រីមេធាវី នូ ពិសី និងលោក រៀម គីមឡេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ទំព័រហ្វេសប៊ុក៖ Cambodia International Cooperation Law Firm ៕