(បរទេស)៖ រដ្ឋាភិបាលហូឡង់បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនអាចនឹងត្រូវបង្ខំឱ្យឈប់ប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម facebook បន្ទាប់ពីមានការព្រមានពីនិយតករឯកជនភាពរបស់ប្រទេសហូឡង់ អំពីការគ្រប់គ្រងហានិភ័យទិន្នន័យឯកជនភាពដែលអាចកើតមាន។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

អាជ្ញាធរការពារទិន្នន័យហូឡង់ (DPA) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយណែនាំក្រសួងមហាផ្ទៃហូឡង់ កុំឱ្យពឹងផ្អែកលើទំព័រ facebook ដើម្បីទំនាក់ទំនងជាមួយពលរដ្ឋ ប្រសិនបើខ្លួមិន ច្បាស់អំពីរបៀបដែល facebook ប្រើប្រាស់ទិន្នន័យរបស់អ្នកដែលចូលមើលទំព័ររបស់រដ្ឋាភិបាល (government page)។

លោកស្រី Alexandra van Huffelen រដ្ឋមន្ត្រីក្រសួងឌីជីថលនីយកម្មហូឡង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលចង់បានភាពច្បាស់លាស់ពីក្រុមហ៊ុន Meta «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នឹងត្រូវតែបញ្ជាក់រួចរាល់ ឱ្យបានមុនពេលថ្ងៃឈប់សម្រាករដូវក្តៅ អំពីរបៀបដែលពួកគេកំពុងដោះស្រាយកង្វល់របស់យើង»។ លោកស្រីបានបន្ថែមទៀតថា «បើមិនដូច្នេះទេ ស្របតាមការណែនាំរបស់ DPA យើងនឹងបង្ខំឱ្យបញ្ឈប់រាល់សកម្មភាពរបស់យើងនៅលើទំព័រ facebook»

ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីអាជ្ញាធរការពារទិន្នន័យហូឡង់ (AP) បានរកឃើញថា facebook បានបំពានបទប្បញ្ញត្តិការការពារទិន្នន័យទូទៅ (GDPR) នៅក្នុងផ្នែកពីរ៖ ការជូនដំណឹងដល់អ្នកប្រើប្រាស់ និងដំណើរការទិន្នន័យរសើប។

គួរជម្រាបថា ជុំវិញការគំរាមឈប់ប្រើប្រាស់ទំព័រ facebook នេះ ភាគីខាង Meta Platform ហាក់សម្តែងការមិនពេញចិត្ត និងបានប្រាប់ទៅ CNBC ថា «ពួកគេមិនយល់ស្របចំពោះការវាយតម្លៃ និងការណែនាំពីរដ្ឋាភិបាលហូឡង់នោះទេ ទាំងនេះគឺ ខុសពីការពិត និងធ្វើឱ្យមានការយល់ច្រឡំលើដំណើរការផលិតផលរបស់ពួកគេ»

អ្នកនាំពាក្យ Meta បានបន្ថែមថា «យើងនឹងពិនិត្យមើលផលិតផល Meta ទាំងអស់ ដើម្បីធានាថាពួកគេអនុវត្តតាមច្បាប់នៅក្នុងតំបន់ ដែលយើងផ្តល់សេវាកម្ម ហើយនឹងបន្តចូលរួមជាមួយរដ្ឋាភិបាល ដើម្បីធានាថាពួកគេអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីទំនាក់ទំនងជាមួយមនុស្សដោយគ្មានការព្រួយបារម្ភ»