(ឡុងដ៍)៖ ខ្សែបម្រើក្លិបសារកាព្រៃ Newcastle United កីឡាករ Joe Willock នឹងខកខានការប្រកួតក្នុងលីគ Premier League នាថ្ងៃសៅរ៍សប្តាហ៍នេះ ក្នុងពេលទទួលក្រុម Tottenham Hotspur ដោយសាររបួសសរសៃពួរកែងជើង។ នេះបើយោងតាមសម្តីអ្នកចាត់ការ Eddie Howe ហើយបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។
Willock ដែលបានខកខានមួយផ្នែកធំ នៃរដូវកាលនេះ ដោយសាររបួសសរសៃពួរកែងជើង និងសរសៃពួរនោះ បានរងរបួស ក្នុងតង់ទី១ នៃការប្រកួតឈ្នះ ១-០ របស់ Newcastle លើគូប្រជែង Fulham នៅកីឡដ្ឋាន Craven Cottage កាលពីសប្តាហ៍មុន។
Newcastle រំពឹងថា Willock នឹងមិនរងរបួសរយៈពេលយូរនោះទេ ខណៈកីឡាករ Jamaal Lascelles, Nick Pope, Kieran Trippier និង Callum Wilson បានស្ថិតក្នុងបញ្ជីកីឡាករ ដែលត្រូវអវត្តមានរយៈពេលយូររួចទៅហើយ។
សូមជម្រាបថា Newcastle កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងតារាងលីគកំពូលអង់គ្លេស Premier League មាន ១៣ពិន្ទុតាមពីក្រោយក្រុមលេខ៤ Spurs៕