(ឡុងដ៍)៖ អ្នកចាត់ការក្លិប Burnley លោក Vincent Kompany ត្រូវរងការហាមឃាត់ ២ប្រកួត បន្ទាប់ពីការទទួលបានកាតក្រហមរបស់លោក ក្នុងពេលប្រកួតប៉ះក្លិបតោខៀវ Chelsea កាលពីថ្ងៃទី៣០ ខែមីនា។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។
លោកនឹងត្រូវរងពិន័យហាមឃាត់ ១ប្រកួតភ្លាមៗ ជាមួយនឹងការហាមឃាត់ ១ប្រកួតទៀតនឹងធ្វើឡើងនៅចុងឆ្នាំ។
លោក Kompany ត្រូវបានបណ្តេញចេញពីការប្រកួត ពីបទតវ៉ានឹងការសម្រេចចិត្តផ្តល់បាល់ពិន័យរបស់អាជ្ញាកណ្តាល។
បុរសសញ្ជាតិបែលហ្ស៊ិករូបនេះ ក្រោយមកបានលើកឡើងថា ស្តង់ដារអាជ្ញាកណ្តាលក្នុងលីគ Premier League នៅរដូវកាលនេះ «មិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេ»។
អតីតប្រធានក្រុមក្លិប Manchester City វ័យ ៣៨ឆ្នាំ ដែលបានសារភាពថា បានប្រព្រឹត្តខុសរូបនេះ ក៏បានរងការពិន័យជាទឹកប្រាក់ចំនួន ១០,០០០ផោនផងដែរ។
ក្លិប Burnley កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៩ ក្នុងតារាង Premier League ដាច់ ៦ពិន្ទុពីតំបន់សុវត្ថិភាព។
ពួកគេនឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Brighton នាកីឡដ្ឋាន Turf Moor នៅថ្ងៃសៅរ៍ស្អែកនេះ ដោយពុំមានវត្តមានលោក Kompany៕