(ឡុងដ៍)៖ ខ្សែបម្រើប្រយុទ្ធក្លិប Aston Villa កីឡាករ Jacob Ramsey ត្រូវអវត្តមានសម្រាប់រយៈពេលសេសសល់ ក្នុងរដូវកាលនេះ ដោយសាររបួសម្រាមជើង ស្របពេលខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Ollie Watkins បានវិលត្រឡប់ចូលក្រុមវិញ ដើម្បីប្រកួតចុងសប្តាហ៍នេះ ពេលប៉ះក្រុមភ្ញៀវ Brentford។ នេះបើតាមការបញ្ជាក់ពីអ្នកចាត់ការ Unai Emery ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។
អ្នកចាត់ការដដែលបន្ថែមថា អ្នកចាំទី Emi Martinez ដែលបានអវត្តមានពីការប្រកួតចាញ់ ៤-១ ក្នុងពេលប៉ះក្លិប Manchester City កាលពីថ្ងៃពុធ ដោយសារមានជំងឺនោះ ក៏បានវិលត្រឡប់ចូលក្រុមវិញផងដែរ។
«Jacob Ramsey បានមានបញ្ហាម្តងទៀត ជាមួយនឹងម្រាមជើងរបស់គាត់។ គាត់នឹងមិនអាចចូលលេងបាននោះទេ សម្រាប់រយៈពេលសេសសល់ក្នុងរដូវកាលនេះ»។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានប្រាប់អ្នកសារព័ត៌មាន។
សូមជម្រាបថា Aston Villa កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៤ ក្នុងតារាង Premier League ដោយមាន ៥៩ពិន្ទុ ពី ៣១ប្រកួត និងមាន ២ពិន្ទុលើក្លិប Tottenham Hotspur ខណៈ Brentford កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៥ ដោយមាន ២៨ពិន្ទុ និងមាន ៦ពិន្ទុលើតំបន់កាត់ចោល៕