(ឡុងដ៏)៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានបាត់បង់ឱកាសឡើងឈរលេខរៀងទី៤ ក្នុងតារាងលីគអង់គ្លេស Premier League គិតត្រឹមសប្តាហទី៣០ របស់ពួកគេ ក្រោយការវាយបកតាមបានស្មើពីគូប្រជែង West Ham United លទ្ធផល ១-១ ដែលធ្វើបានសម្រេចដោយកីឡាករ Kurt Zouma ក្នុងទឹកដីរបស់ខ្លួនពីប្រកួតជើងទី២ នេះ។

ស្ថិតក្នុងការប្រជែងគ្នានេះ ក្លិបដឹកនាំដោយលោក Ang Postecoglou បានបើកការនាំមុខនៅនាទី៥ ពីការស៊ុតរបស់កីឡាករ Johnson តែវាត្រូវាបាត់បង់ ៣ពិន្ទុទៅវិញ ពីការស៊ុតតាមស្មើដោយកីឡាករ Kurt Zouma នៅនាទី១៩ ដែលលទ្ធផលនេះបានរក្សារហូតដល់បញ្ចប់ការប្រកួតតែម្តង ហើយក៏ជាការរក្សាលទ្ធផលល្អរបស់ West Ham បន្ទាប់ពីជើងទី១ បានយកឈ្នះ Spurs ២-១ ក្នុងរដូវកាលនេះ។

West Ham United ពេលនេះពួកគេកំពុងឈរលេខរៀងទី៧ រកបាន ៤៥ពិន្ទុពីការឆ្លងកាត់ ៣១ប្រកួតមកនេះ ដែលត្រូវការឈ្នះ រឺស្មើបន្តទៀត ដើម្បីធ្វើការប្រជែងកៅអីលេងវគ្គជម្រុះពានលីគអឺរ៉ុបទី៣ Conference League play-off ដ្បិតកំពុងប្រដេញពិន្ទុជាមួយក្រុម Manchester United ដែលឈរលេខ៦ រកបាន ៤៨ពិន្ទុ។

ខណៈនេះក្រុម Spurs រកបាន ៥៧ពិន្ទុបណ្តោះអាសន្ន ពីការឆ្លងកាត់បាន ៣០ប្រកួតដែលកំពុងតាមពីក្រោយក្រុម Aston Villa ចំនួន ២ពិន្ទុ ឈរតំណែងលេខរៀងទី៤ ហើយប្រកួតបន្ទាប់ត្រូវជួបក្រុម Nottingham Forest ពេលដែលក្រុមញញួរធំ West Ham United ប៉ះក្រុម Wolves ដែលនៅសល់ឱកាសប្រជែងតែ ៨ ទៅ ៧ប្រកួតទៀតត្រូវបញ្ចប់លីគរដូវកាលនេះ៕