(អ៊ីស្តង់ប៊ូល)៖ សមាជិកនៃក្លិបបាល់ទាត់អាជីព Fenerbahce របស់ប្រទេសតួកគី បានបោះឆ្នោតប្រឆាំងទៅនឹងគម្រោងការដកខ្លួនចេញពីលីគកំពូល Super Lig ដែលបានធ្វើឡើងនាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កាលពីខែមីនា អតីតជើងឯក Super Lig ចំនួន ១៩សម័យកាលមួយនេះបានលើកឡើងថា ពួកគេបានកំពុងពិចារណាពីគម្រោងចាកចេញពីលីគកំពូល បន្ទាប់ពីក្រុមកីឡាកររបស់ខ្លួនបានទទួលរងនូវការវាយប្រហារលើទីលាន ពីសំណាក់ក្រុមអ្នកគាំទ្ររបស់ម្ចាស់ផ្ទះ Trabzonspor នៅពេលពួកគេលេងឈ្នះ ៣-២ ក្រោយកញ្ចែបញ្ចប់ការប្រកួតរួចមក។

លោក Ali Koc ប្រធានក្លិប Fenerbahce បានថ្លែងក្រោយពីការបោះឆ្នោតថា «កិច្ចប្រជុំរបស់ពួកយើងនៅថ្ងៃ គឺដើម្បីស្វែងរកជម្រើសក្នុងការដកខ្លួនចេញពី League តែជាលទ្ធផល គឺបន្តគាំទ្រលេងក្នុងលីគដដែល ខុសពីការគិតរបស់អ្នកខ្លះដែលពួកយើងអាចនឹងផ្លាស់ទៅលេងក្នុងលីគកម្រិតទាបជាងនេះ»។

លោកថា «យ៉ាងនេះក្តី លទ្ធផលសម្រេចនឹងដឹងជាក់ច្បាស់ ក្នុងសន្និបាតនៅចុងបញ្ចប់រដូវកាលនេះ»

គួរបញ្ជាក់ផងថា បច្ចុប្បន្ន Fenerbahce បានកំពុងឈរនៅលេខរៀងទី២ នៅ Super Lig ដោយចាញ់ប្រៀបក្រុមកំពូលតារាង Galatasaray ត្រឹម ២ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ៣០ប្រកួតនារដូវកាលនេះ ដែលត្រូវស្វាគមន៍ភ្ញៀវ Adana Demirspor នៅរាត្រីពុធនេះទៀតដែរ៕