(បរទេស)៖ ប្រទេសជប៉ុន បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានអនុម័តប្រាក់ឧបត្ថម្ភបន្ថែមដល់ទៅ ៥៩០ពាន់លានយ៉េន (៣.៨៩ពាន់លានដុល្លារ) ទៅក្នុងប្រាក់ឧបត្ថម្ភធនបន្ថែម សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីប Rapidus Corporation ខណៈដែលប្រទេសនេះ កំពុងដើរតាមប្រទេសជឿនលឿនផ្សេងទៀត លើការផលិតឧបករណ៍អេឡិចត្រូនិក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

ការឧបត្ថមចុងក្រោយបំផុត នឹងរួមបញ្ចូលរហូតដល់ ៥៣.៥ពាន់លានយ៉េន សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ដំណើរការផ្នែកផ្សេងៗ ដូចជាការវេចខ្ចប់បន្ទះឈីបជាដើម។ ក្រុមហ៊ុន Rapidus ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ដោយរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនក្នុងស្រុកចំនួនប្រាំបី ដើម្បីអភិវឌ្ឍ និងផលិតឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់។ ក្រុមហ៊ុន Toyota Motor Corporation, Sony Group គឺជាក្រុមហ៊ុនមួយចំនួន ក្នុងចំណោមក្រុមហ៊ុន ដែលបានវិនិយោគរាប់ពាន់លានយ៉េន ចូលទៅក្នុងក្រុមហ៊ុន Rapidus នេះ។

Rapidus ត្រូវបានគេដឹងថា ទទួលប្រាក់ចំនួន ៣៣០ពាន់លានយ៉េនពីរដ្ឋាភិបាលជប៉ុននៅចន្លោះឆ្នាំ ២០២២ដល់ឆ្នាំ២០២៣ ដើម្បីផលិតបន្ទះសៀគ្វីទំហំ ២ណាណូម៉ែត្រ ដ៏ធំនៅក្នុងទីក្រុង Chitose ទីក្រុង Hokkaido ចាប់ពីឆ្នាំ២០២៧។ គម្រោងនេះ នឹងចូលខ្លួនមកប្រកួតប្រជែងជាមួយក្រុមហ៊ុននាំមុខគេក្នុងឧស្សាហកម្មបន្ទះឈីបរបស់តៃវ៉ាន់ TSMC និង Samsung Electronics របស់កូរ៉េខាងត្បូង ដែលគ្រោងនឹងចាប់ផ្តើមការផលិតបន្ទះឈីប ២ណាណូម៉ែត្រ នៅឆ្នាំ២០២៥។ ត្បិតបច្ចុប្បន្ននេះ TSMC និង Samsung បច្ចុប្បន្នផលិតបន្ទះឈីប ៣ណាណូម៉ែត្រ ខណៈដែល Rapidus បច្ចុប្បន្នកំពុងសាងសង់រោងចក្រ semiconductor កម្រិតខ្ពស់នៅតំបន់ Chitose ។ ប្រទេសជប៉ុន ត្រូវបានគេមើលឃើញថា កំពុងព្យាយាមដណ្តើមយកតំណែងរបស់ខ្លួនជាមហាអំណាចផ្នែក semiconductor។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលជប៉ុនបានពង្រីកការគាំទ្រ តាមរយៈបោះទុនវិនិយោគយ៉ាងច្រើន ដើម្បីទាក់ទាញក្រុមហ៊ុន semiconductor ទាំងក្នុង និងក្រៅប្រទេសដូចជា TSMC, Samsung និង Micron មកវិនិយោគលើទឹកដីរបស់ខ្លួន។

ជាក់ស្តែង ក្រុមហ៊ុនតៃវ៉ាន់ TSMC ថ្មីៗនេះបានបើកដំណើរការរោងចក្រផលិតបន្ទះឈីបដំបូងរបស់ខ្លួននៅក្នុងប្រទេសជប៉ុនក្នុងខែកុម្ភៈ ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុន។ ងាកមក ក្រុមហ៊ុន Micron ក៏បានប្រកាសនៅក្នុងខែឧសភា ឆ្នាំ២០២៣កន្លងទៅថា ខ្លួន នឹងក្លាយជាក្រុមហ៊ុន semiconductor ដំបូងគេ ដែលនាំយកបច្ចេកវិទ្យា ultraviolet ខ្លាំងបំផុតទៅកាន់ប្រទេសជប៉ុន ដើម្បីផលិតបន្ទះឈីបអង្គចងចាំ។

Micron បានបង្ហាញក្តីរំពឹងថា នឹងវិនិយោគរហូតដល់ ៥០០ពាន់លានយ៉េននៅក្នុងប្រទេសជប៉ុន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុន។ក្រសួងឧស្សាហកម្មរបស់ប្រទេសជប៉ុនបាននិយាយកាលពីខែធ្នូថា Samsung ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ ២០ពាន់លានយ៉េន ដើម្បីសាងសង់កន្លែងស្រាវជ្រាវ និងអភិវឌ្ឈន៍ semiconductors កម្រិតខ្ពស់នៅជិតទីក្រុងតូក្យូផងដែរ៕