(បរទេស)៖ ថ្មីនេះក្រុមហ៊ុន OpenAI បានប្រកាសជាផ្លូវការថា ខ្លួននឹងអនុញ្ញាតឱ្យអ្នកចូលប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត្ត ChatGPT របស់ខ្លួនដោយមិនតម្រូវឱ្យបង្កើតគណនី ឬចុះឈ្មោះចូលប្រើប្រាស់នោះទេ។ ពោលគឺ អ្នកបើប្រាស់គ្រាន់តែទាញយក ChatGPT ភ្លាម ឬចូលទៅកាន់ Website គឺ អាចប្រើប្រាស់បានតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា OpenAI ទទួលបានអ្នកប្រើប្រាស់ប្រចាំច្រើនជាង ១០០លាននាក់ជារៀងរាល់សប្តាហ៍នៅទូទាំង ១៨៥ប្រទេស និងមានអ្នកចូលមើលប្រមាណ ១.៦ពាន់លាននាក់គិតត្រឹមចែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ។ តាមរយៈកម្មវិធីតានដានសន្ទុះអ្នកប្រើប្រាស់ SimilarWeb បានរកឃើញថា ChatGPT នៅតែស្ថិតនៅកំពូលតារាងដែលទទួលបានអ្នកចូលប្រើប្រាស់ច្រើនបំផុត បើទោះបីជា Gemini របស់ Google ចាប់ផ្តើមទទួលបានសន្ទុះក៏ដោយ។

គួរជម្រាបដែរថា ការប្រើប្រាស់ដោយមិនចាំបាច់មានគណនីនេះគឺ សម្រាប់តែ ChatGPT-3.5 ប៉ុណ្ណោះ ប៉ុន្តែប្រសិនបើចង់ប្រើជំនាន់ទំនើបដូចជា ChatGPT 4 និង DALL-E 3 គឺតម្រូវឱ្យចុះឈ្មោះវិញដដែល៕