(ភ្នំពេញ)៖ ក្រុមហ៊ុន CBS និង Sastra Film បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ស្តីពីការចាក់បញ្ចាំងខ្សែភាពយន្តភាគខ្មែរចំនួនពីររឿង គឺរឿងកូនក្រមុំកែមុខ និងរឿងអន្ទាក់ស្នេហ៍ក្នុងកុងត្រា ដែលនឹងចាក់បញ្ចាំងលើទូរទស្សន៍ MyTV ក្នុងខែមេសានេះ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

សន្និសីទនេះ ដោយមានការអញ្ជើញចូលរួមពី លោក David Ulmer នាយកប្រតិបត្តិក្រុមហ៊ុន CBS និងលោកស្រី ចាន់ និមល នាយកប្រតិបត្តិក្រុមហ៊ុន Sastra Film រួមទាំងគណៈគ្រប់គ្រង CBS សិល្បករ និងសិល្បការនី រួមជាមួយអ្នកសារព័ត៌មានជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក David Ulmer នាយកប្រតិបត្តិក្រុមហ៊ុន CBS បានកោតសរសើរដល់ក្រុមផលិតខ្សែរភាពយន្ត Sastra Film គ្រប់ផ្នែកទាំងអស់ ដែលបានខិតខំប្រឹងប្រែងផលិតខ្សែភាពយន្តល្អៗ។ លោកបានបន្ដថា ក្រុមហ៊ុន CBS នឹងបន្តសហការជាមួយ Sastra Film នាំមកនូវភាពយន្តភាគល្អៗ បន្ថែមទៀត មកចាក់បញ្ចាំងជូនដល់ទស្សនិកជន ព្រោះភាពយន្តដែលផលិតដោយ Sastra Film មានគុណភាពល្អ ទាំងបច្ចេកទេសនៃការថត និងភាពប៉ិនប្រសព្វនៃតួសម្តែង។

លោក David Ulmer បានបន្ដទៀតថា លោកសប្បាយចិត្ត ដែលបាននាំយករឿងភាពយន្តល្អៗ មកជូនដល់ទស្សនិកជននៅកម្ពុជា។ លោកបានបន្តទៀតថា CBS គឺជាបណ្តាញព័ត៌មានមួយដែលមានការពេញនិយម ដោយមានអ្នកទស្សនាជាច្រើនលាននាក់ ទាំងក្នុងលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាក្នុងបណ្តាញផ្សព្វផ្សាយឌីជីថលផងដែរ។ ខ្សៃភាពយន្តទាំងពីរ ឆ្លុះបញ្ចាំពីទំនាក់ទំនងមិត្តភាព ការជំនះឧបសគ្គ សេចក្ដីស្រឡាញ់ ភក្ដីភាព និងជារឿងដែលបង្ហាញពីស្ថានភាពនៃប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ លោកស្រី ចាន់ និមល បានលើកឡើងថា លោកស្រី មានសេចក្តីរីករាយដែលបានសហការជាមួយ CBS និងបានថ្លែងអំណរគុណដល់លោក David Ulmer ដែលបានគាំទ្រ និងឱ្យតម្លៃទៅលើការប្រឹងប្រែងផលិតរបស់ Sastra Film។ លោកស្រីបន្ថែមថា ក្រុមហ៊ុនរបស់លោកស្រី មានបទពិសោធន៍ផលិតជាច្រើនរឿងមកហើយ និងយូរឆ្នាំ ដែលមានបុគ្គលិកប្រហែលជា ២០០នាក់នាពេលបច្ចុប្បន្ន។

ក្រុមហ៊ុន បានផលិតមាតិកាចម្រុះប្រហែលជា ១០០ចំណងជើងក្នុងមួយឆ្នាំ ក្នុងនោះ ខ្សែភាពយន្តរឿងភាគ គឺជាបេសកកម្មមួយដែលលោកស្រីជឿជាក់ថា ជាផ្នែកមួយជួយរុញវិស័យភាពយន្តខ្មែរ ឱ្យកាន់តែមានភាពរីកចម្រើនឡើង តាមរយៈការផលិតខ្សែភាពចម្រុះជាច្រើន។ លោកស្រី អះអាងថា បានដឹងពីចំណង់ចំណូលចិត្ត ថា ទស្សិកជនចូលចិត្តទស្សនាខ្សែភាពយន្តបែបណា។ ហើយបន្ថែមពីលើនេះ លោកស្រី មានតួសម្តែងដែលប៉ិនប្រសព្វក្នុងការសម្តែង ពោរពេញដោយទេពកោសល្យ អ្នកដឹកនាំរឿងល្អ និងមានការគាំទ្រពីទស្សនិកជនជាច្រើនទៀតផងដែរ។

សូមជម្រាបថា រឿង «កូនក្រមុំកែមុខ» មានដំណើរដើមទងទាក់ទិនទៅ ឆដា បានកែមុខ អមរា ដែលបាត់ការចងចាំឱ្យក្លាយជានាង ដើម្បីមកទទួលទោសសម្លាប់ប៉ាក្មេក ជំនួសនាង។ អមរា ត្រូវជួបការលំបាកជំនួស ឆដា ជាច្រើននៅ ពេលដែលមានមុខដូច ឆដា។ វិទ្យា ជាប្តី ឆដា ខឹងណាស់មិនដឹងរឿងទេគិតថា អមរា ជាឆដា ក៏ធ្វើបាបដើម្បីសងសឹកព្រោះសង្ស័យថានាងសម្លាប់ប៉ារបស់ខ្លួន។

ចំពោះរឿង «អន្ទាក់ស្នេហ៍ក្នុងកុងត្រា»វិញ មានរឿងរ៉ាវទាក់ទងទៅនឹងនារីស្រស់ស្អាត ដែលមានឈ្មោះថា ស្រីណៃ ត្រូវម្តាយរបស់ ដេវីត ជួលនាងឲ្យទៅបោកប្រាស់ ដេវីត និងកែចរឹក ដេវីត ឲ្យល្អដើម្បីឲ្យ ដេវីត ភ្ជាប់ពាក្យជាមួយមនុស្សដែលម៉ាក់ ដេវីត រើស។ ក្រោយពេលបោកប្រាស់ដេវីតបានជោគជ័យ ស្រីណៃ ក៏ចប់តួនាទីដូចគ្នា។ ស្រីណៃ ត្រូវចាកចេញ បើទោះស្រីណៃ ខុសលក្ខខណ្ឌស្រឡាញ់ ដេវីត បាត់ហើយក៏ដោយ។ ប៉ុន្ដែ ដេវីត មិនព្រមចប់ងាយៗ ដេវីត តាមរករឿងធ្វើបាប ស្រីណៃ មិនឈប់មិនឈរ។ ដេវីត ដឹងច្បាស់ថា គេធ្វើមិនមែន ព្រោះស្អប់តែគេធ្វើដោយសារស្រឡាញ់ចង់នៅជិត ស្រីណៃ៕