(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានយល់ព្រមបំផ្លាញកំណត់ត្រាទិន្នន័យរាប់ពាន់លាន ដើម្បីដោះស្រាយបណ្តឹងមួយ ដែលចោទប្រកាន់ថា ខ្លួនបានតាមដានការប្រើប្រាស់អ៊ីនធឺណិតដោយសម្ងាត់ តាមរយៈមុខងាររុករក ឬ Brower របស់ខ្លួន ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

លក្ខខណ្ឌនៃដំណោះស្រាយនេះ ត្រូវបានដាក់ទៅកាន់តុលាការសហព័ន្ធរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយទាមទារការយល់ព្រមពីចៅក្រមអាមេរិក Yvonne Gonzalez Rogers។ មេធាវីដើមបណ្តឹងបានវាយតម្លៃលើកិច្ចព្រមព្រៀងនេះ មានចំនួនទឹកប្រាក់ជាង ៥ពាន់លានដុល្លារ និងអាចខ្ពស់ជាងនេះរហូតដល់ ៧,៨ ពាន់លានដុល្លារ។ តែយ៉ាងណា ជុំវិញបញ្ហានេះ Google មិនបង់សំណងនៃការខូចខាតទេ ប៉ុន្តែអ្នកប្រើប្រាស់អាចប្តឹងក្រុមហ៊ុននេះ ជាលក្ខណៈបុគ្គលដើម្បីទាមទារសំណង។

ពាក្យបណ្តឹងនេះ ត្រូវបានដាក់ទៅកាន់តុលាការអាមេរិកនៅអំឡុងឆ្នាំ២០២០ ដោយគ្របដណ្តប់លើអ្នកប្រើប្រាស់ Google រាប់លាននាក់ ដែលបានប្រើប្រាស់មុខងាររុករករបស់ Google លក្ខណៈឯកជនចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦។ អ្នកប្រើប្រាស់បានចោទប្រកាន់ថាកម្មវិធី Apps នានា របស់ Google អនុញ្ញាតឱ្យមានការតាមដាន តាមរយៈការ កំណត់កម្មវិធីរុករកលើ Chrome របស់ Google ទៅជារបៀបអនាមិក និងកម្មវិធីរុករកផ្សេងទៀតទៅជារបៀបរុករកឯកជន។ តែយ៉ាងណា តាមរយៈដំណោះស្រាយនេះ Google នឹងធ្វើបច្ចុប្បន្នភាព ដើម្បីឲ្យស្របតាមអ្វីដែលអ្នកប្រើប្រាស់ទាមតារ។

ងាកមកមេធាវីរបស់ដើមបណ្តឹងបានសរសេរថា លទ្ធផលគឺ Google នឹងប្រមូលទិន្នន័យតិចជាងមុន ពីវគ្គរុករកឯកជនរបស់អ្នកប្រើប្រាស់ ហើយ Google នឹងរកប្រាក់បានតិចពីទិន្នន័យទាំងនោះ។

ជុំវិញករណីនេះ អ្នកនាំពាក្យរបស់ Google លោក Jose Castaneda បាននិយាយថា ក្រុមហ៊ុនរីករាយក្នុងការដោះស្រាយបណ្តឹង ដែលខ្លួនតែងតែចាត់ទុកថាគ្មានប្រយោជន៍។ លោក Castaneda សង្កត់ធ្ងន់ថា «យើងមិនដែលភ្ជាប់ទិន្នន័យជាមួយអ្នកប្រើប្រាស់ នៅពេលដែលពួកគេប្រើមុខងារអនាមិក។ យើងរីករាយក្នុងការលុបទិន្នន័យបច្ចេកទេសចាស់ ដែលមិនធ្លាប់មានទំនាក់ទំនងជាមួយបុគ្គលណាមួយ ហើយមិនដែលត្រូវបានប្រើប្រាស់ ក្នុងទម្រង់ណាមួយដូចការចោទប្រកាន់ឡើយ»