(បរទេស)៖ ក្រុមហ៊ុនយក្ស Microsoft កំពុងដក Microsoft Team ចេញពីកញ្ចប់កម្មវិធី Office របស់ខ្លួនទូទាំងពិភពលោក។ ការផ្លាស់ប្តូរនេះ កើតឡើងប្រហែលកន្លះឆ្នាំ បន្ទាប់ពីក្រុមហ៊ុន Microsoft បានធ្វើរឿងដូចគ្នាសម្រាប់ទីផ្សារ EU នៅពេលនោះ ដោយចង់ជៀសវាងការផាកពិន័យប្រឆាំងនឹងការទុកចិត្តពី EU។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

យោងតាមអ្នកនាំពាក្យរបស់ Microsoft បានឱ្យដឹងថា ឥឡូវនេះក្រុមហ៊ុន កំពុងដំណើរការដក Team ជាសកល ដូច្នេះកម្មវិធីនេះ នឹងលែងត្រូវបានរកឃើញនៅក្នុង Microsoft 365 និង Office 365 តទៅទៀតហើយ។ អ្នកនាំពាក្យបានគូសបញ្ជាក់ថា កម្មវិធី Teams ត្រូវបានបន្ថែមទៅក្នុងសំណុំកម្មវិធី Office 365 ក្នុងឆ្នាំ ២០១៧ ដោយមិនគិតថ្លៃដើម្បីជំនួសកម្មវិធី Skype for Businessហើយវាបានទទួលការពេញនិយមខ្លាំងក្នុងអំឡុងពេលវិបត្តិជំងឺរាតត្បាតកូវីដ-១៩ដោយសារមនុស្សត្រូវបានតម្រូវឲ្យធ្វើការពីផ្ទះ ជាពិសេសជាមួយមុខងារប្រជុំជាវីដេអូ។

តែយ៉ាងណា គិតចាប់ពីថ្ងៃប្រកាសនាថ្ងៃទី០១ ខែមេសា នេះតទៅ Microsoft នឹងបំបែក Team និង Office ជាផលិតផលដាច់ដោយឡែកពីគ្នា ជាមួយនឹងការផ្តល់ជូនដែលមានតម្លៃ ៥.២៥ដុល្លារក្នុងមួយខែសម្រាប់អ្នកប្រើប្រាស់ម្នាក់។ ប៉ុន្តែប្រភពបានរំលឹកថា សម្រាប់ការប្រើប្រាស់ Team ក្នុងសហគ្រាសក្រុមហ៊ុននៅមិនទាន់មានការបញ្ជាក់អំពីតម្លៃនៅឡើយនោះទេ ហើយវាអាចនឹងប្រែប្រួល ដោយផ្អែកលើកប្រទេស រូបិយប័ណ្ណ និងកត្តាផ្សេងៗទៀត។ ដោយឡែកសម្រាប់តម្លៃ Office ឥឡូវនេះគឺ មានតម្លៃចន្លោះពី ៧.៧៥ដុល្លារ ដល់ ៥៤.៧៥ដុល្លារ អាស្រ័យលើកញ្ចប់រយៈពេលប្រើប្រាស់។

គួរជម្រាបដែរថា ក្រុមហ៊ុន Microsoft បានប្រឈមមុខនឹងការពិន័យជាប្រាក់ចំនួន ២.២ ពាន់លានអឺរ៉ូ (ឫស្មើនឹង ២.៤ពាន់លានដុល្លារអាមេរិក) ជុំវិញការចោទប្រកាន់ពាក់ព័ន្ធ នឹងករណីប្រឆាំងទំនុកចិត្តរបស់សហភាពអឺរ៉ុបទៅលើការចង ឬលក់កម្មវិធីច្រើនមុខជាកញ្ចប់បញ្ចូលគ្នា ដែលទំហំនៃការផាកពិន័យនេះ គឺស្មើនឹងប្រមាណ ១០ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំជាសកលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ៕