(ប៊ែកឡាំង)៖ Adidas បានធ្វើការហាមប្រាមអ្នកគាំទ្របាល់ទាត់អាល្លឺម៉ង់ទាំងអស់ ពីការទិញអាវជម្រើសជាតិលេខ៤៤ ដែលស្រដៀងទៅនឹងសញ្ញាណាស៊ី (Nazi SS) ដែលមានឥទ្ធិពលកាលក្នុងសង្រ្គាមលោកលើកទី២។ នេះយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

យ៉ាងណាក៏ដោយ លោក Oliver Brüggen អ្នកនាំពាក្យក្រុមហ៊ុនផលិតសម្ភារៈកីឡាយក្សអាល្លឺម៉ង់មួយនេះ ក៏បានធ្វើការបដិសេធចំពោះការប្រដូចលេខ៤៤ ទៅនឹងសង្គមណាស៊ី ដូចប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយនាពេលថ្មីៗនេះទេ។

លោកថា «ពួកយើងនឹងបិទការបញ្ជាទិញចំពោះអាវលេខ៤៤។ កន្លងមកផងដែរ ក្រុមហ៊ុនពួកយើងតែងតែប្តេជ្ញាចិត្ត ក្នុងការប្រឆាំងទៅនឹងការរើសអើងជាតិសាសន៍ ពណ៌សម្បុរ និងហិង្សាគ្រប់ទម្រង់ទៀតផង»

នៅចាំបានថា និម្មិតសញ្ជា SS នេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩២៩ ដោយអង្គការណាស៊ី ដែលបានធ្វើការសម្លាប់រង្គាលទៅលើសាសន៍យូដា និងជនជាតិជ្វីពផងដែរ ស្របពេលលោក Oliver Bruggen បានបដិសេធថា ការផលិតសញ្ញាដែលស្រដៀងទៅនឹង Nazi មែនជាចេតនានោះទេ ដ្បិតអាល្លឹម៉ង់ត្រៀមធ្វើម្ចាស់ផ្ទះព្រឹតិ្តការណ៍ជើងឯកអឺរ៉ុប European Championship នាអំឡុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៤ នៅទូទាំង ១០ទីក្រុងផ្សេងគ្នា។

លោកបានសង្កត់ធ្ងន់ថា «រាល់ការ design និងមុនពេលផលិតនានា ក្រុមហ៊ុនតែងតែដាក់សំណើទៅស្ថាប័ន FIFA, UEFA និងសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ផងដែរ ដើម្បីសុំការឯកភាពជាមុន ដោយពុំមាននិន្នាការទៅខាងគណបក្សណាមួយឡើយ»។

គួរបញ្ជាក់ផងថា សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ DFB បានបញ្ចប់ភាពជាដៃគូសហប្រតិបត្តិការជាមួយ Adidas ជាផ្លូវការហើយត្រឹមឆ្នាំ២០២៧ ដោយចាប់យកក្រុមហ៊ុន Nike របស់អាមេរិកជំនួសវិញ៕