(ភ្នំពេញ)៖ មជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិសិង្ហបុរី (SIMCC SG) មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (TBF) និងសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា (ស.អ.ម) នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានសហការគ្នារៀបចំព្រឹត្តិការណ៍ ប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ានអន្តរជាតិ ឆ្នាំ២០២៤ នៅទីតាំងសាលា Singapore (Cambodia) International Academy (SCIA) ដោយការចូលរួមពីតំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញផងដែរ ដោយនៅក្នុងនោះមានបេក្ខជនកម្ពុជាសរុបចំនួន ១,៣៩៦នាក់មកពី១២៧គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនទូទាំងប្រទេស បានមកចូលរួមប្រកួតប្រជែង។

នៅឆ្នាំ២០២៤នេះ មានបេក្ខជនសរុបចំនួន ៣៥,៨៥២ នាក់មកពី ២៤ប្រទេសទូទាំងពិភពលោក។

លោក យ៉ែម សុភ័ណ្ឌ ប្រធានរៀបចំការប្រឡងគណិតវិទ្យាអន្តរជាតិសិង្ហបុរី ប្រចាំនៅកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថានេះ ជាឆ្នាំទី៦ គិតចាប់ពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន ដែលលោករៀបចំការប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ាន អន្តរជាតិនេះ ដោយមានបេក្ខជនចូលរួមសរុបចំនួន ៣,៥២០ នាក់ទូទាំងប្រទេស។

សម្រាប់ការប្រកួតនេះ មានតែបេក្ខជនលំដាប់ពិន្ទុខ្ពស់បំផុត ៤០ភាគរយនៃកម្រិតនីមួយៗ អាចទទួលបានជ័យលាភី៖
១៖ លំដាក់ពិន្ទុខ្ពស់បំផុត ៨ភាគរយ ទទួលបានជ័យលាភីមេដាយមាស
២៖ លំដាក់ពិន្ទុខ្ពស់បន្ទាប់ ១២ភាគរយ ទទួលបានជ័យលាភីមេដាយប្រាក់
៣៖ លំដាក់ពិន្ទុខ្ពស់បន្ទាប់ ២០ភាគរយ ទទួលបានជ័យលាភីមេដាយសំរឹទ្ធ
៤៖ លំដាក់ពិន្ទុខ្ពស់បន្ទាប់ ១០ភាគរយ ទទួលបានជ័យលាភីកិត្តិយស (វិញ្ញាបនបត្រអេឡិចត្រូនិក)
៥៖ លំដាក់ពិន្ទុ ៥០ភាគរយចុះក្រោម ទទួលបានវិញ្ញាបនបត្រចូលរួម (វិញ្ញាបនបត្រអេឡិចត្រូនិក)

លោកបានបញ្ជាក់ផងដែរថា ក្រដាសចម្លើយរបស់បេក្ខជនទាំង ២៤ប្រទេសនឹងត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិ សិង្ហបុរី (SIMCC SG) ដើម្បីធ្វើអត្រាកំណែ ហើយលទ្ធផលនឹងត្រូវបានប្រកាសនៅចុងខែមេសាខាងមុខនេះ។ លើសពីនេះទៅទៀត បេក្ខជនដែលចូលរួមការប្រឡងកម្មវិធីផ្សេងៗរបស់ SIMCC SG នឹងមានឱកាសសន្សំពិន្ទុដើម្បីទទួលបានអាហារូបករណ៍ផ្សេងៗ។

លោក សរ រិទ្ធី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា បានលើកឡើងថា ការបង្កើតឱ្យមានការប្រកួតគណិតវិទ្យា អូឡាំព្យាដ សិង្ហបុរី-អាស៊ាន អន្តរជាតិ នៅកម្ពុជា នាឱកាសនេះ គឺជាផ្តល់ឱកាសដល់សិស្សានុសិស្សកម្ពុជា អាចបញ្ចេញសមត្ថភាពជាប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ជាមួយប្រទេសនានានៅក្នុងតំបន់ និងសាកលលោក។

លោកបានបន្តទៀតថា មុខវិជ្ជាគណិតវិទ្យា បានជួយសម្រួលដល់ការងារប្រចាំថ្ងៃ បានយ៉ាងប្រសើរបំផុត សម្រាប់ដោះស្រាយបញ្ហាជាច្រើន ដែលកើតមាន ទើ្បងក្នុងពិភពលោកបានយ៉ាងប្រពៃ ដូចជា ការគណនា បូក ដក គុណ ចែក សុទ្ធតែត្រូវការគណិតវិទ្យាទាំងអស់។ ក្នុងនោះការងារមួយចំនួនដូចជា ជំនួញ វិទ្យាសាស្រ្ដ វិស្វករ និងសំនង់ ជាដើម សុទ្ធតែត្រូវការគណិតវិទ្យាជាចាំបាច់។

ដើម្បីទទួលបានព័ត៌មាន ស្តីពីការប្រកួតគណិតវិទ្យាអូឡាំព្យាដផ្សេងៗរបស់ SIMCC សិង្ហបុរី សូមចូលទៅកាន់ក្រុមតេលេក្រាមមួយនេះ៖ https://t.me/+_uxWk-Pv-2EzMDFl