(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំកម្មវិធី សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ ដែលជាឆ្នាំទី១៥ ដែលសមាគមបានរៀបចំសន្និបាទប្រចាំឆ្នាំ និងជួបជុំសមាជិកសមាជិកាសមាគម ដោយក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានក្រោមជំនឿរួមថា ការជឿនលឿននៃសេដ្ឋកិច្ច របស់ប្រទេសមួយ ត្រូវពឹងផ្អែកទៅលើអ្នកជំនាញ និងធុរជនវ័យក្មេងជំនាន់ក្រោយ។

ក្នុងឱកាសសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជានេះផងដែរ ក៏មានការដាក់ឱ្យដំណើរការផ្លូវការ កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន២០២៤ និង គម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល។

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា រៀបចំឡើងក្រោមការចូលរួមពីលោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា, លោក ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងអ្នកចូលរួមជាច្រើនរូបទៀត។

សន្និបាតប្រចាំឆ្នាំនេះធ្វើឡើង ក្នុងគោលបំណងបូកសរុបលទ្ធផលការងារ បានមកពីការធ្វើសកម្មភាពជាច្រើន របស់សមាគមនៅឆ្នាំ២០២៣ ក៏ដូចជាការត្រួតពិនិត្យ វាយតម្លៃ ផ្ដល់យោបល់ និងឆ្លុះបញ្ចាំងពីសកម្មភាពដែលធ្វើបានជោគជ័យជាច្រើន ដើម្បីកែលម្អផែនការថ្មី ក្នុងឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត។ ក្នុងនោះក៏មានការប្រកាសជូនសមាជិក-សមាជិកាអំពីរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល គណៈកម្មការសមាគម និងកញ្ចប់ថវិកាសមាគមឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ផងដែរ។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការ ជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឱ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យា ឌីជីថល អាជីវកម្មបរិយាបន្ន ការច្នៃប្រឌិត និងការបង្កើតថ្មី របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានជំនឿរួមថា ការជឿនលឿននៃសេដ្ឋកិច្ច របស់ប្រទេសមួយ ភាគច្រើនត្រូវពឹងផ្អែកទៅលើអ្នកជំនាញ និងធុរជនវ័យក្មេងជំនាន់ក្រោយ។

លោក វ៉េង សុធី បានវាយតម្លៃខ្ពស់ដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ចំពោះសមិទ្ធផល និងស្នាដៃជាច្រើន ដែលបង្កើតឡើងក្នុងឆ្នាំ២០២៣ និងបានរួមចំណែកលើកកម្ពស់សហគ្រិនភាព នឹងកំពុងចូលរួមចំណែកយ៉ាងសកម្ម លើការអភិវឌ្ឍធុរកិច្ច និងវិស័យឯកជនរបស់កម្ពុជា។

លោកបានបន្ថែមថា ក្រសួងពាណិជ្ជកម្មមានទិសដៅយុទ្ធសាស្ត្រ ក្នុងការសម្រួលពាណិជ្ជកម្មកម្ពុជា និងបង្កើតបរិយាកាសធុរកិច្ច ដែលអំណោយផល និងនិរន្តរភាពសម្រាប់សេដ្ឋកិច្ច និងឧស្សាហកម្ម។ ក្នុងនោះការលើកកម្ពស់វិស័យឯកជន ជាទិសដៅយុទ្ធសាស្ត្រមួយ ក្នុងចំណោមទិសដៅយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួង។ ក្នុងនោះលោកបានលើកទឹកចិត្តឱ្យដៃគូរពាក់ព័ន្ធផ្សេងៗធ្វើការរួមគ្នា ដើម្បីគាំទ្រសហគ្រិនភាពនៅកម្ពុជា ជាពិសេសដៃគូក្នុងវិស័យឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងដៃគូរវាងឯកជន និងរដ្ឋ ព្រមទាំងសង្គមស៊ីវិល សម្រាប់បុព្វហេត្វក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ឆ្លៀតក្នុងឱកាសសន្និបាតប្រចាំឆ្នាំនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក៏បានចុះអនុស្សរណៈនៃភាពជាដៃគូជាមួយស្ថាប័ន ដៃគូចំនួន៣សំខាន់ៗរួមមានដូចជា សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា (CASF) សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) និងគម្រោង Harvest III របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។
ការចុះអនុស្សរណៈនៃភាពជាដៃគូនេះ នឹងផ្ដល់ឱកាសឱ្យស្ថាប័នទាំងបី បង្កើនកិច្ចសហការជាមួយសមាគម ក្នុងការអនុវត្តគម្រោងដែលផ្ដល់អត្ថប្រយោជន៍ ដល់ប្រព័ន្ធអេកូសហគ្រិនភាពនៅកម្ពុជាទាំងមូល។

លោក យឹម លាត បានថ្លែងឲ្យដឹងថា «ខ្ញុំចូលរួមអបអរសាទរចំពោះសមិទ្ធផល ដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រេចបានក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ ជាពិសេសការរួមចំណែកយ៉ាងសំខាន់របស់សមាគម ក្នុងនាមជាវិស័យឯកជនដែលជាដៃគូចាំបាច់ របស់រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍមាគ៌ាកម្ពុជា ឱ្យរីកចម្រើនលូតលាស់គ្រប់វិស័យនាពេលបច្ចុប្បន្ន»

លោកបានសង្កត់ធ្ងន់ថា វិស័យឯកជន គឺជាភ្នាក់ងារសេដ្ឋកិច្ចមួយ ក្នុងការបង្កើតការងារតាមរយៈគម្រោងវិនិយោគនានារបស់ខ្លួន ដែលបានបង្កើតប្រាក់ចំណូល ដល់អង្គភាពក្រុមគ្រួសារ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ស្របគ្នានឹងកិច្ចខិតខំប្រឹងប្រែងកៀគរការវិនិយោគនានា ទាំងការវិនិយោគផ្ទាល់ពីបរទេស ការវិនិយោគផ្ទាល់ពីឯកជនក្នុងស្រុក គឺជាប្រភពវិនិយោគដែលមិនអាចខ្វះបាន ដែលរាជរដ្ឋាភិបាលកំពុងខិតខំជំរុញ តាមរយៈការដាក់ចេញនូវវិធានការ និងគោលនយោបាយនានា ដើម្បីបង្កបរិយាកាសងាយស្រួល និងអំណោយផលដល់ការវិនិយោគ និងប្រកបអាជីវកម្ម។

លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងថា «សមាគមបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រដល់សមាជិកឱ្យបានកាន់តែពេញលេញ និងឆ្លើយតបទៅនឹងតម្រូវការសមាជិក ស្របនឹងតម្រូវការទីផ្សារជាតិ និងអន្តរជាតិ ក្នុងនោះមានដូចជា ការជំរុញការទទួលបានហិរញ្ញវត្ថុ ទាំងកម្ចី និងវិនិយោគ ការកសាងសមត្ថភាព ការកសាងភាពដៃគូអាជីវកម្ម ការចុះបញ្ជីអាជីវកម្ម ការកសាងជំនាញបច្ចេកវិទ្យា និងឌីជីថល និងសកម្មភាពធំៗសំខាន់ផ្សេងទៀត ដែលឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍរបស់វិស័យឯកជន ទន្ទឹមនឹងនេះខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ ម្ចាស់ឧបត្ថម្ភ បន្តគាំទ្រដល់សមាគមបន្ថែមទាំងបច្ចេកទេស និងថវិកា ដើម្បីសមាគមអាចបន្តបេសកកម្មរបស់ខ្លួន និងសម្រេចចក្ខុវិស័យក្នុងការអភិវឌ្ឍវិស័យឯកជនប្រកបដោយគុណភាពខ្ពស់»

សូមជម្រាបថា អំឡុងពេលសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤ និងគម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល» ទទួលបានការគាំទ្រថវិកាដោយគណៈកម្មាធិការគ្រប់គ្រងមូលនិធិ នៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (គ.ស.អ.) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ដោយឡែកកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤ ទទួលបានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈគម្រោង FEED THE FUTURE CAMBODIA HARVEST III ក៏ដូចជាម្ចាស់ឧបត្ថម្ភ និងស្ថាប័នដៃគូសំខាន់ៗដូចជា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងធនាគារកាណាឌីយ៉ា (Canadia)។ បន្ថែមលើនេះ កម្មវិធីនេះក៏ទទួលបានការគាំទ្រធំពី ផេនដា ខមមើសល ប៊ែង ម.ក (Panda Bank) និង Silver Sponsor ពីក្រុមហ៊ុន ជេ អី អាយ (JTI) និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank)៕