(ភ្នំពេញ)៖ វាគ្មិនជាតិ និងអន្តរជាតិល្បីៗជាច្រើនរូប បានចូលរួមចែករំលែកចំណេះដឹងនិងបទពិសោធន៍ល្អៗ នៅក្នុងកម្មវិធី TEDxPhnom Penh 2024 ក្រោមប្រធានបទ«អនាគតដ៏ចីរភាព SUSTAINABLE FUTURE» ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ ម៉ោង៥ ល្ងាច នៅរោងភាពយន្ត Major Cineplex ផ្សារទំនើប Aeon Mall Sen Sok City។

វាគ្មិនជាច្រើនដែលមកពីវិស័យផ្សេងៗគ្នា សុទ្ធតែមានសមត្ថភាព បានចែករំលែកបទពិសោធន៍ជាច្រើន ដែលពួកគាត់ធ្លាប់ឆ្លងកាត់ទៅដល់ទស្សនិកជនជាច្រើនរយនាក់នៅក្នុងព្រឹត្តិការណ៍ TEDxPhnom Penh 2024 ដើម្បីជំរុញការលើកទឹក ការបង្កើនជំនឿចិត្តដល់ខ្លួន សុខភាពផ្លូវចិត្ត និងការបណ្តុះគំនិតរកស៊ីជាដើម ក៏ដូចជានាំយកនូវដំណោះស្រាយដ៏ល្អ សម្រាប់ដោះស្រាយនូវបញ្ហាមួយចំនួនដែលសហគមន៍កំពុងតែជួបប្រទះ។

វាគ្មិនដែលបានចែករំលែក និងចំណេះដឹង និងបទពិសោធន៍ រួមមាន ព្រះតេជគុណ គូ សុខភាព ដែលបានចែករំលែកពាក់ព័ន្ធប្រធានបទ សុខុមាលភាពផ្លូវ ដើម្បីអនាគតភ្លឺស្វាង , លោកបណ្ឌិត តាន់ មុនីវណ្ណ ចែករំលែកគន្លឹះទាក់ទងនឹងវិធីគ្រប់គ្រងហានិភ័យក្នុងការចាប់ផ្តើមអាជីវកម្មថ្មី , អ្នកឧកញ៉ា គួចម៉េង ចែករំលែកចំណេះដឹងពាក់ព័ន្ធវិស័យអប់រំនៅកម្ពុជា, កញ្ញា ជីមមី ម៉េង ចែករំលែកបទពិសោធន៍ ជុំវិញការរៀបចំគម្រោងថ្ងៃស្អែក របស់អ្នកនៅថ្ងៃនេះ , កញ្ញា សេងហ្គិចលី ចែករំលែកពាក់ព័ន្ធនឹងប្រធានបទ រៀនពីបុព្វបុរសរបស់យើង , លោក RABIE លើកឡើងអំពីប្រធានបទ ពេលអ្នកបាត់បង់សុខភាពផ្លូវចិត្ត អ្នកនឹងស្ទើរតែបាត់បង់គ្រប់យ៉ាង , លោកសាស្រ្តាចារ្យ សំប៊ុន មង្គលសម្បត្តិ លើកឡើងអំពី ការចាក់ចេញពីភាពខ្ចិលច្រអូសហើយក្លាយជាម្ចាស់ជើងឯកនៃជីវិតរបស់អ្នកដើម្បីទទួលយកនូវភាពរីករាយ រួមនឹងវាគ្មិនសំខាន់ជាច្រើនរូបទៀត។

TEDxPhnom Penh 2024 គឺជាកម្មវិធី ដែលត្រូវបានបង្កើតឡើង ដើម្បីបំផុសគំនិតវិជ្ជមាន និងស្វែងរកអ្វីដែលថ្មី និងប្រមូលផ្តុំទៅដោយវាគ្មិន ដែលមានបទពិសោធ និងចំណេះដឹងនៅក្នុងសង្គម និងផ្សារភ្ជាប់ទៅនឹងការពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីផ្តល់នូវផលប៉ះពាល់ជាវិជ្ជមានទៅសហគមន៍៕