(តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mazda Motor និងក្រុមហ៊ុនថាមពល របស់ក្រុមហ៊ុន Panasonic Holdings បានឱ្យដឹងនៅចុងសប្តាហ៍មុនថា ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្ដីពីការផ្គត់ផ្គង់អាគុយរថយន្ត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កិច្ចព្រមព្រៀងនេះ កើតចេញពីការពិភាក្សាអំពីភាពជាដៃគូផ្គត់ផ្គង់អាគុយ សម្រាប់រថយន្តអគ្គិសនី ដែលក្រុមហ៊ុន Mazda និងក្រុមហ៊ុន Panasonic Energy ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Panasonic Holdings បានចាប់ផ្តើមកាលពីខែមិថុនាឆ្នាំមុន។ ក្រុមហ៊ុន Panasonic Energy ក៏ផលិតអាគុយ សម្រាប់ផ្គត់ផ្គត់ឱ្យក្រុមហ៊ុន Tesla ផងដែរ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយរួមគ្នាដោយក្រុមហ៊ុន Mazda និងក្រុមហ៊ុន Panasonic Energy ថា ក្រុមហ៊ុនទាំងពីរនឹងបង្ហាញព័ត៌មានលម្អិត អំពីភាពជាដៃគូផ្គត់ផ្គង់អាគុយលីចូមអ៊ីយ៉ុង សម្រាប់រថយន្ត ក្នុងពេលសមស្របណាមួយ។

កិច្ចព្រមព្រៀងនេះ ទំនងជាអាចជួយក្រុមហ៊ុន Mazda បង្កើនការផលិតរថយន្តអគ្គិសនី ដែលជាផ្នែកមួយនៃផែនការចំណាយ ១,៥ពាន់ពាន់លានយ៉េន (៩,៩ពាន់លានដុល្លារ) ដែលក្រុមហ៊ុនបានបង្ហាញ នៅចុងឆ្នាំ២០២២។

ក្រុមហ៊ុន Panasonic Energy ក៏កំពុងពិភាក្សាជាមួយ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Subaru ផងដែរ ដើម្បីបង្កើតភាពជាដៃគូដាច់ដោយឡែកមួយ ដើម្បីផ្គត់ផ្គង់អាគុយលីចូមអ៊ីយ៉ុង សម្រាប់រថយន្ត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕