(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់អាជីព ស្ករគ្រាប់ Everton បានរាយការណ៍ពីការខាតបង់អស់ប្រាក់ប្រមាណ ៨៩.១លានផោន ស្មើនឹង ១១២.៥៦លានដុល្លារអាមេរិកកាលពីរដូវកាលឆ្នាំ២០២២-២០២៣ ជាការខាតបង់នៃរយៈពេល ៦ឆ្នាំជាប់ៗគ្នាផងដែរ។ នេះយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នេះជាការខាតបង់កើនឡើង ២ដង បើធៀបទៅនឹងរដូវកាលឆ្នាំ២០២១-២០២២ ដែលមានត្រឹមតែ ៤៤.៧លានផោនតែប៉ុណ្ណោះ នៅពេលពួកគេត្រៀមចាកចេញពីកីឡដ្ឋាន Goodison Park នាបំណាច់រដូវកាលឆ្នាំ២០២៤-២០២៥ ផងដែរ ដោយបានយកទីនេះធ្វើជាទឹកដីប្រកួតរបស់ខ្លួន តាំងពីឆ្នាំ១៨៩២ មក។

កត្តាទាំងនេះបានធ្វើឱ្យ Everton រងការពិន័យក្នុងការកាត់ ១០ពិន្ទុ និងក្រោយមកបន្ថយនៅត្រឹម ៦ពិន្ទុវិញ បន្ទាប់ពីប្តឹងជំទាស់ ពីបទល្មើសទៅនឹងច្បាប់ចាយវាយនៅក្របខណ្ឌ Premier League របស់អង់គ្លេស។

នៅចាំបានថា Everton បានបញ្ចប់នៅចំណាត់ថ្នាក់លេខរៀងទី១៧ នៃតារាងពិន្ទុលីគ Premier League សម្រាប់រដូវ កាលមុន និងបានគេចផុតពីតំបន់កាត់ចោលផងដែរ តាមរយៈជ័យជម្នះទៅលើគូប្រជែង AFC Bournemouth នៅថ្ងៃចុងក្រោយ ដ្បិតបច្ចុប្បន្នបានកំពុងឈរនៅលេខ១៦ ទៀតផង ដោយមានត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះនៃ ២៥ពិន្ទុក្នុងដៃពីក្រៅតំបន់កាត់ចោល៕