(អឺរ៉ុប)៖ Jannik Sinner នៅពេលនេះក្លាយជាម្ចាស់ជើងឯកពានរង្វាន់កីឡាវាយកូនបាល់ (Tennis) ផ្នែកបុរសឯកត្តជន ពីព្រឹត្តិការណ៍ Miami Open 2024 បានសម្រេច ក្រោយពេលព្យាយាមធ្លាប់បានជើងឯករង ២លើករួចមក ដែលនៅពេលនេះបានយកឈ្នះកីឡាករ Grigo Dimitrov ២សិត ៦-៣ និង ៦-១ ។

បុរសវ័យ ២២ឆ្នាំសញ្ជាតិអ៉ីតាលី Jannik Sinner ធ្លាប់ឆ្លងកាត់ជើងឯករងនៅឆ្នាំ២០២១ និង២០២៣ ហើយនេះជាជ័យជម្នះតំណែងជើងឯករបស់គេទី២ ក្នុងឆ្នាំ២០២៤នេះ ក្រោយពេលឈ្នះពានរង្វាន់ Australian Open 2024 ខណៈមុនការឈ្នះមកយកបានតំណែងជើងឯក Miami Open 2024 រូបគេបានយកឈ្នះកីឡាករ Tomas Machas នៅវគ្គ ៨នាក់ និងយកឈ្នះ Danill Medvedev នៅវគ្គ ៤នាក់។

បញ្ជាក់ផងថា ពេលនេះ Jannik Sinner បានឈរចំណាត់ថ្នាក់លេខ២ កម្រិតពិភពលោក នាថ្ងៃទី១ ខែមេសានេះ ក្រោយឈ្នះតំណែងជើងឯក Miami Open 2024, Australian Open 2024 និងពាន ABN AMRO World Tennis Tournament 2024 ហើយការប្រកួតវាយកូនបាល់កម្រិត Miami Open គឺជាការប្រកួតកម្រិតកីឡាករអាជីពមួយក្នុងកម្មវិធី ATP Masters 1000 ៕