(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ូលីងកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អន្ដរជាតិ នៃការប្រកួតកីឡាប៊ូលីងប៉ារ៉ាជើងឯកកម្ពុជា លើកទី១ (1st Cambodia Open Para Bowling Championship 2024) ពីថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានប្រូប៊ូល រាជធានីភ្នំពេញ ដោយមានអត្តពលិកកីឡាប៊ូលីងជនពិការជាតិ និងអន្ដរជាតិប្រមាណ ១០០នាក់មកពីប្រទេសជាច្រើនចូលរួម។

លោក Leon Lim អនុប្រធានសហព័ន្ធ និងជាគ្រូបង្វឹកកីឡាប៊ូលីងកម្ពុជាបានឲ្យដឹងថា រយៈពេលជាង ២ខែមកហើយ ដែលសហព័ន្ធបានត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ ក្នុងនោះការត្រៀមកីឡាករ-កីឡាការិនី ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ផងដែរ ដោយសហព័ន្ធបានបង្កើនការហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីចំនួន ២០នាក់ ដើម្បីចម្រាញ់យកធនធានឆ្នើម ១០នាក់ (កីឡាករ ៥នាក់ និងកីឡាការិនី ៥នាក់) សម្រាប់ចូលរួមប្រកួតប្រជែងក្នុងនាមម្ចាស់ផ្ទះនាខែមិថុនាខាងមុខ។

លោកបន្ដថា ព្រឹត្តិការណ៍កីឡាប៊ូលីងជនពិការអន្ដរជាតិ លើកដំបូង ដែលកម្ពុជាធ្វើម្ចាស់ផ្ទះខាងលើ នឹងលេចចេញជារូបរាងឡើង ក្រោយទទួលបានការគាំទ្រពីបណ្ដាប្រទេសជាច្រើន ហើយតាមការគ្រោងទុកនឹងមានកីឡាករ-កីឡាការិនីប៊ូលីងជនពិការប្រមាណ ១០០នាក់ចូលរួម ដែលមកពីសាធារណរដ្ឋកូរ៉េ ជប៉ុន ម៉ាឡេស៊ី ថៃ សិង្ហបុរី និងបណ្ដាប្រទេសមួយចំនួនទៀតដែលកំពុងពិភាក្សាគ្នា និងឈានទៅដល់ការចុះឈ្មោះចូលរួមប្រកួតនាពេលឆាប់ៗខាងមុខ។

អនុប្រធានសហព័ន្ធដដែលបន្ថែមថា គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ ចំពោះលោកផ្ទាល់ ពិសេសថ្នាក់ដឹកនាំសហព័ន្ធ ស្រលាញ់ចូលចិត្ត និងចង់លើកស្ទួយវិស័យកីឡាប៊ូលីងកម្ពុជាទាំងកីឡាករ-កីឡាការិនីធម្មតា និងអត្តពលិកជនមានពិការភាព តាមរយៈការចែករំលែកនូវបទពិសោធន៍ និងបច្ចេកទេសដល់ពួកគេ ដើម្បីពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ក៏ដូចជាកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅប្រទេសថៃនាឆ្នាំ២០២៥។

លោក ឆាយ កៀក អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា មុនឈានដល់ការប្រកួតលក្ខណៈអន្ដរជាតិ សម្រាប់កីឡាប៊ូលីងជនមានពិការភាព នាខែមិថុនាខាងមុខ កាលពីឆ្នាំ២០២៣ កន្លងទៅ កម្ពុជាក៏ធ្លាប់ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាប៊ូលីង 34th Asian Inter-City ម្តងដែរ ដែលបញ្ចប់ដោយជោគជ័យ ហើយក្នុងឆ្នាំ២០២៤ នេះ សហព័ន្ធក៏គ្រោងនឹងរៀបចំព្រឹត្តិការណ៍អន្ដរជាតិមួយទៀត គឺការប្រកួតកីឡាប៊ូលីង 1st Cambodia International Open 2024 នាខែសីហា ឆ្នាំ២០២៤ ខាងមុខផងដែរ៕