(ឡុងដ៍)៖ ក្លិបហង្សក្រហម Liverpool បានតែងតាំងនាយកផ្នែកបច្ចេកទេស ដែលបានចាកចេញពីក្លិប Bournemouth លោក Richard Hughes ជានាយកថ្មីផ្នែកកីឡារបស់ពួកគេ ចាប់ពីពេលចប់រដូវកាល២០២៣-២០២៤។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
កាលពីដើមខែនេះ Bournemouth បានប្រកាសថា បុរសវ័យ ៤៤ឆ្នាំដែលជាអតីតខ្សែបម្រើក្រុមជម្រើសជាតិស្កុតឡេន នឹងចាកចេញពីតួនាទីរបស់លោក ជានាយកផ្នែកបច្ចេកទេស នៅពេលចប់រដូវកាលបច្ចុប្បន្ននេះ បន្ទាប់ពីចូលបំពេញការងារ កាលពីឆ្នាំ២០១៦។
លោក Richard Hughes បានជំនួសតំណែងលោក Jorg Schmadtke ដែលត្រូវបានក្លិបតែងតាំងដោយម្ចាស់ក្លិប Liverpool។
លោក Hughes នឹងចូលបំពេញការងារ នៅ Liverpool ចាប់ពីថ្ងៃទី០១ ខែមិថុនាខាងមុខ។
សូមជម្រាបថា លោក Klopp វ័យ ៥៦ឆ្នាំ កាលពីខែមករា បានប្រកាសពីការសម្រេចចិត្តរបស់លោក ក្នុងការលាលែងចេញពីតំណែងជាអ្នកចាត់ការក្លិប Liverpool នៅពេលចប់យុទ្ធនាការបច្ចុប្បន្ន បន្ទាប់ពីដឹកនាំក្លិបរយៈពេល ៨ឆ្នាំកន្លះ ដណ្តើមបានពានរង្វាន់ជាច្រើន នៅក្លិបមួយនេះ ដោយលោកបានអះអាងថា លោកបានធ្លាក់ចុះកម្លាំង៕