(ម៉ាទ្រីដ)៖ អ្នកចាំទីរបស់ក្លិប Real Madrid កីឡាករ Thibaut Courtois បានទទួលការវះកាត់ដោយជោគជ័យ បន្ទាប់ពីបានរងរបួសរហែកបន្ទះឆ្អឹងខ្ចី នៅជង្គង់ខាងស្តាំរបស់លោក អំឡុងពេលហ្វឹកហាត់។ នេះបើយោងតាមការឱ្យដឹងពីក្លិបលេងនៅលីគ La Liga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
កីឡាករអន្តរជាតិបែលហ្សិករូបនេះ នឹងអវត្តមានរយៈពេលជាច្រើនសប្តាហ៍ បន្ទាប់ពីរបួសកាលពីថ្ងៃអង្គារ។
គួររំលឹកថា កីឡាករវ័យ ៣១ឆ្នាំខាងលើបានអវត្តមានជាច្រើនខែផងដែរ បន្ទាប់ពីមានបញ្ហារហែកសរសៃចងសន្លាក់ជង្គង់ (ACL) ខាងឆ្វេងរបស់លោកកាលពីខែសីហាឆ្នាំមុន។
Courtois បានបង្ហាញខ្លួន ៣១លើកក្នុងលីគសម្រាប់ក្លិប Real កាលពីរដូវកាលមុន ប៉ុន្តែមិនទាន់បានប្រកួត សម្រាប់ក្លិបរបស់លោកនៅឡើយនោះទេ ក្នុងយុទ្ធនាការនេះ។
សូមជម្រាបថា Real ដែលកំពុងឈរនៅកំពូលតារាង La Liga និងមាន ៨ពិន្ទុលើក្លិបគូប្រជែង Barcelona នោះ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្លិបភ្ញៀវ Athletic Bilbao នៅថ្ងៃទី៣១ ខែមីនានេះ៕