(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានដាក់ឲ្យដំណើរការ គម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល ក្នុងឱកាសនៃកិច្ចជំនួបសហគ្រិនវ័យក្មេង លើកទី២ ឆ្នាំ២០២៤។

គម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាគម្រោងផ្តល់ការគាំទ្រថវិកា ដោយគណៈកម្មាធិការគ្រប់គ្រងមូលនិធិ នៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (គ.ស.អ.) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

កម្មវិធីសម្ពោធនេះមានការចូលរួមពីលោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជំនាញពាក់ព័ន្ធ សហគ្រិនវ័យក្មេង ម្ចាស់អាជីវកម្មមកពីវិស័យឯកជននានា។

ដោយមើលឃើញពីភាពជោគជ័យ និងផលវិជ្ជមាន ក៏ដូចជាអត្ថប្រយោជន៍ជាច្រើន ទៅកាន់ម្ចាស់សហគ្រាសចំនួន១០២នាក់ ទទួលបានពីការអនុវត្តគម្រោង គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល ទាំងពីរជំនាន់ក្នុងឆ្នាំ ២០២៣ សមាគមបានទទួលការឧបត្ថម្ភគាំទ្រថវិកា ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យអនុវត្តបន្តគម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល មួយនេះរយៈពេល២ឆ្នាំបន្តទៀតក្នុងឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥។

គម្រោងនេះត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ក្នុងគោលបំណងបង្កើនសមត្ថភាព និងចំណះដឹងលើការចាប់យកបច្ចេកវិទ្យាឌីជីថល និងពង្រឹងការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។

កម្មវិធីនេះគាំទ្រដល់ការអភិវឌ្ឍជំនាញ សមត្ថភាព និងប្រតិបត្តិការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្ពោះទៅរកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថលនីយកម្ម តាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីប្រធានបទ ចំនួន៦សំខាន់ៗរួមមានទី១ សហគ្រិនភាពនិងការអភិវឌ្ឍផែនការអាជីវកម្ម ទី២ ការប្រើប្រាស់ឌីជីថលក្នុងអាជីវកម្ម ទី៣ ការធ្វើទីផ្សារលើប្រព័ន្ធឌីជីថល ទី៤ ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគ្រាស ទី៥ ការប្រើប្រាស់ឌីជីថល ក្នុងការគ្រប់គ្រងបុគ្គលិក និងអាជីវកម្ម និងទី៦ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce)។

លោកបណ្ឌិត ជា វ៉ាន់ដេត បា​នវាយតម្លៃខ្ពស់ ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលបានអនុវត្តគម្រោង គ្លីនិកបរិវត្តកម្មឌីជីថលសម្រាប់សហគ្រាស (CLINIC DIGTAL)" បានយ៉ាងជោគជ័យ និងមានផលវិជ្ជមានច្រើន ក្នុងការអភិវឌ្ឍសមត្ថភាពដល់ MSMEs ជាង ១០០ នាក់ក្នុងឆ្នាំ២០២៣។

លោកបណ្ឌិត ជា វ៉ាន់ដេត សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងផ្ដោតសំខាន់ទៅលើការធ្វើបរិវត្តកម្មឌីជីថល ដើម្បីឈានទៅសម្រេចបាននូវយុទ្ធសាស្រ្ត បញ្ចកោណរបស់រាជរដ្ឋាភិបាល ហើយក្រសួងក៏កំពុងចូលរួមយ៉ាងសកម្ម ក្នុងនាមក្រសួងជំនាញ ក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកវិទ្យា ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឯកជន និងការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងចីរភាព។

លោកបណ្ឌិតបានបន្ដថា ក្រសួងបាននឹងកំពុងពង្រឹង និងពង្រីកការផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ីនធឺណិត ឱ្យបានកាន់តែលឿន ជូនប្រជាពលរដ្ឋ សហគ្រាស និងរដ្ឋ ដើម្បីសម្រួលដល់ជីវភាព ការរស់នៅប្រតិបត្តិការការងារ និងអាជីវកម្មរបស់ពួកគេបានងាយស្រួល និងមានសុវត្ថភាពខ្ពស់។ ជាងនេះក្រសួងបាននឹងកំពុងបង្កើតថ្នាលជាច្រើន សម្រាប់សម្រួលដល់ពាណិជ្ជកម្មអេឡិចត្រូនិក និងរដ្ឋាភិបាលឌីជីថល (E-government) ដើម្បីសម្រួលដល់សេដ្ឋកិច្ចឌីជីថល ដើម្បីឈានទៅសម្រេចបាននូវយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាពិសេស ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងចីរភាព។

លោកបណ្ឌិតសង្ឃឹមថា ការគាំទ្រគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល ដែលអនុវត្តដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងចូលរួមជួយគាំទ្របន្ថែមទៀតដល់ MSMEs ដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសជាតិ ឲ្យមានចំណេះនិងជំនាញឌីជីថល។

លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគាំទ្រការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាចំនួន ៧ដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការអភិវឌ្ឍសហគ្រិន វិស័យឯកជន និងសេដ្ឋកិច្ចឌីជីថល។

លោកបណ្ឌិតបានលើកទឹកចិត្ត ដល់សហគ្រាសទាំងអស់ឲ្យយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍខ្លួនជានិច្ច ពិសេសលើជំនាញបច្ចេកវិទ្យា ឌីជីថលសម្រាប់ការអភិវឌ្ឍអាជីវកម្មឲ្យកាន់តែខ្លាំង មានភាពរីកចម្រើន និងអាចប្រកួតប្រជែងជាមួយអាជីវកម្ម និងពាណិជ្ជកម្មដ៏ទៃនៅក្នុងតំបន់ និងសកលលោក។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងម្ចាស់សហគ្រាសជាច្រើនជាពិសេស សមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានទទួលការគាំទ្រច្រើន ពីរាជរដ្ឋាភិបាល។ ជាពិសេសសមាគមបានទទួលការគាំទ្រច្រើន ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្រោមការដឹកនាំពីលោកបណ្ឌិត ជា វ៉ាន់ដេត ដែលតែងតែយកចិត្តទុកដាក់ដល់សហគ្រាស និងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសសេដ្ឋឌីជីថលនៅកម្ពុជា។

លោកឧកញ៉ាបានបញ្ជាក់ថា នេះជាគម្រោងធំទី២ហើយដែលសមាគម បានទទួលការគាំទ្រថវិកាដោយផ្ទាល់ពីក្រសួង និងមានសហគ្រិននិងម្ចាស់អាជីវកម្មជាច្រើន បានទទួលបានការអភិវឌ្ឍផ្នែកចំណេះដឹង និងជំនាញឌីជីថល ក៏ដូចជាការទទួលបាននូវកិច្ចអន្តរាគមន៍ជាច្រើនពីក្រសួង មិនតែប៉ុណ្ណោះ មូលនិធិ (ស.អ.) របស់ក្រសួងបានជួយដល់សកម្មភាពជាច្រើន របស់សមាគម ក្នុងនោះដូចជាវេទិកាសហគ្រិនសកល (GEW) និងកម្មវិធីពន្លកសហគ្រិនជាដើម។

លោកឧកញ៉ាបានបន្ដថា ក្នុងឆ្នាំ២០២៣ មានម្ចាស់សហគ្រាស១០២ នាក់បានទទួលនូវវគ្គបណ្តុះបណ្តាល និងបង្វឹកដោយផ្ទាល់ពីអ្នកជំនាញ ហើយគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល ដែលសម្ពោធដាក់ឲ្យដំណើរការនេះ នឹងបន្តជួយដល់សហគ្រិន និងម្ចាស់សហគ្រាស ចំនួន ២០០បន្ថែមទៀតនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥។

បន្ថែមពីលើការអភិវឌ្ឍសមត្ថភាព ក្រសួងនឹងផ្តល់ជំនួយបដិភាគហិរញ្ញវត្ថុ ចំនួន៥០០ដុល្លារ ក្នុង១សហគ្រាស ដែលចូលរួមក្នុងវគ្គ និងចង់ដាក់បញ្ចូលប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទៅក្នុងអាជីវកម្ម លើសពីនេះសមាគម បានទទួលការគាំទ្រ ថវិកាពីក្រសួង ដើម្បីយកទៅកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាចំនួន៧ទីតាំង នៅតាមបណ្ដាសាខាខេត្តរបស់សមាគម និងការិយាល័យកណ្ដាលសមាគមថ្នាក់ជាតិ៕