(ម៉ាឌ្រីដ)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអេស្ប៉ាញ La Liga បានកំពុងវាយតម្លៃ ស្តីអំពីការរើសអើងជាតិសាសន៍ ទៅលើកីឡាករខ្សែប្រយុទ្ធ Vinicius Jr របស់ក្លិបអធិរាជស Real Madrid នាពេលថ្មីៗនេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា La Liga បានកំពុងវិភាគវិដេអូមួយដែល បានបង្ហោះនៅលើបណ្តាញសង្គម ដែលមានអ្នកគាំទ្រវ័យក្មេង ១រូបរើសអើងជាតិសាសន៍ទៅលើកីឡាករ Vinicius ក្នុងប្រកួតដែលខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ រកបាន ២គ្រាប់ម្នាក់ឯង នៅពេលលេងស្មើទល់នឹង Valencia ២-២ ក្នុងលីគ La Liga កាលពីរាត្រីថ្ងៃសៅរ៍។

កីឡាករវ័យទើបតែ ២៣ឆ្នាំ Vinicius តែងតែទទួលរងនូវរលករើសអើងជាតិសាសន៍ នៅអំឡុងពេលរូបគេលេងនៅទឹកដីអេស្ប៉ាញ ដែលមានដល់ទៅ ១០លើកហើយគិតត្រឹមពេលនេះដែរ។

កាលខែឧសភា ឆ្នាំ២០២៣ កន្លងទៅ Vinicius ក៏ធ្លាប់បាននិយាយថា «La Liga គឺជាកម្មសិទ្ធិនៃអ្នករើសអើងជាតិសាសន៍» នៅពេលដែលលោកបានទទួលរងនូវការរើសអើងលើកទី៧ និងមានរយៈពេល ១៨ខែមកហើយ ពីការដិះដៀលអំពីពូជសាសន៍នេះ៕