(រីយ៉ាដ)៖ តារាជើងស៊ុត Cristiano Ronaldo ត្រូវបានសហព័ន្ធបាល់ទាត់នៃប្រទេសអារ៉ាប៊ីសាអូឌីត (SAFF) ដាក់បម្រាមមិនឱ្យចូលលេងក្នុងក្លិប Al Nassr ១ប្រកួត ដោយសារការប្រើកាយវិការមិនសមរម្យដាក់អ្នកគាំទ្រខាង Al Shabab។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា ESPN នៅថ្ងៃនេះបានឱ្យដឹងថា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ខាងលើនេះ បានបញ្ចេញកាយវិការមិនសមរម្យ (obscene gesture) នៅក្រោយពេលជួយ Al Nassr យកឈ្នះគូប្រជែង Al Shabab ៣-២ ក្នុងលីគរបស់អារ៉ាប៊ីសាអូឌីតកាលពីរាត្រីថ្ងៃអាទិត្យ។

Ronaldo បានធ្វើជាសញ្ញាផ្ទៀងត្រចៀកស្តាប់ នៅមុនពេលធ្វើកាយវិការអាសអាភាស ក្នុងន័យឌឺដងឱ្យអ្នកគាំទ្រនៃក្រុមម្ចាស់ផ្ទះ Al Shabab បន្ទាប់ពីរូបគេរកបានគ្រាប់ស៊ុតបញ្ចូលទី។

បើយោងតាមគណៈកម្មាធិការវិន័យរបស់អារ៉ាប៊ីសាអូឌីត Ronaldo ក៏ត្រូវបង់ប្រាក់ពិន័យប្រមាណ ២៦៦៦ដុល្លារថែមទៀតដល់សហព័ន្ធ SAFF និង ៣៦៦៦ដុល្លារផ្សេងទៀត ទៅកាន់ក្លិបគូប្រជែង Al Shabab ដែរ៕