(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ឧបករណ៍ដ៏ពិសេសមួយរបស់ Samsung គឺ Galaxy Ring ត្រៀមនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) 2024 ក្នុងពេលឆាប់ៗខាងមុខនេះ តាមការរំពឹងទុកអាចនឹងមកដល់ក្នុងខែកក្កដា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

រំលឹកទៅខែតុលា ឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុន Samsung ធ្លាប់បានប្រកាសពន្យាពេលម្តងរួចទៅហើយ ខណៈពេលនោះប្រភពពីសារព័ត៌មានកូរ៉េ The Elec បានរាយការណ៍មកថា ឧបករណ៍ Galaxy Ring ឬ ចិញ្ចៀន Galaxy របស់ Samsung នៅមិនទាន់បញ្ចប់ការសាកល្បងនៅឡើយនោះទេ ដោយឧបករណ៍នេះវាមានទំហំធំពេកសម្រាប់ការធ្វើពាណិជ្ជកម្ម។ ដូច្នេះហើយ Samsung ត្រូវចំណាយពេលបន្ថែមទៀតក្នុងការបន្ថយទំហំចិញ្ចៀន ឬអាចកាត់បន្ថយមុខងារមួយចំនួនតាមដែលអាចធ្វើទៅបាន។

ប្រភពដដែលបានបន្តអះអាងថា Galaxy Ring អាចនឹងបង្ហាញខ្លួនយ៉ាងលឿនក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ជាមួយនឹងស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold 6 និង Galaxy Z Flip6 ឬត្រូវបានពន្យាពេលរហូតដល់ត្រីមាសទី១ ឆ្នាំ២០២៥ ឯណោះគិតទាំងរយៈពេលក្នុងការត្រួតពិនិត្យទៅលើឧបករណ៍វេជ្ជសាស្រ្តមុននឹងចេញលក់។

តែយ៉ាងណាបើតាមរបាយការណ៍ចុះផ្សាយចុងក្រោយនេះ Galaxy Ring ឬ ចិញ្ចៀន Galaxy របស់ Samsung ទំនងជាឈានដល់ការបិទបញ្ចប់ការសាកល្បងហើយ ខណៈពេលវេលាត្រៀមដាក់បង្ហាញជាផ្លូវការនឹងមកដល់ក្នុងខែកក្កដា ឆ្នាំ២០២៤ ឬមុននេះបន្តិច ដោយឡែកចំពោះព័ត៌មានលម្អិតផ្សេងទៀត Samsung នៅមិនទាន់បង្ហាញនៅឡើយនោះទេ។

គួរជម្រាបដែរថា Galaxy Ring នឹងចេញលក់ក្នុងទំហំ ៤ផ្សេងគ្នារួមជាមួយនឹងមុខងារធ្វើពាណិជ្ជកម្មជាច្រើនដូចទៅនឹងស្មាតហ្វូន ខណៈដែលផលិតកម្មនេះមិនត្រូវបានផលិតដោយ Samsung តែម្នាក់ឯងនោះទេ ដោយមានការសហការពីក្រុមហ៊ុនចំនួនពីរទៀតគឺ ក្រុមហ៊ុ នDoosung Tech និង Korea Seongjeon៕