(ភ្នំពេញ)៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាន់តែមានសង្ឃឹម ក្នុងដំណើរឆ្ពោះទៅប្រជែងជើងឯកលីគកំពូលកម្ពុជា(CPL) រដូវកាលឆ្នាំ២០២៣/២៤ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ៤-២ ក្នុងជំនួបជុំទី៣ សប្ដាហ៍ទី២២ កាលពីរាត្រីថ្ងៃទី២៤ ខែកុម្ភៈ គ្រាដែលគូប្រជែងដ៏ធំរបស់ខ្លួន គឺក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន រកបានត្រឹម ១ពិន្ទុពីក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ។

ក្រុមព្រះខ័នរាជស្វាយរៀង បានសងសឹកក្រុម ISI ដង្កោសែនជ័យបានវិញ បន្ទាប់ពីភ្លាត់ចាញ់ក្នុងដី ១-២ កាលពីជុំទី២ ។ ជំនួបដ៏ជក់ចិត្តនេះ ត្រឹមរយៈពេល ៥៥នាទី ព្រះខ័នរាជស្វាយរៀង បាននាំមុខ ៣គ្រាប់មុន ដោយកីឡាករ Marcus Haber ២គ្រាប់ និងមិត្តរួមក្រុម Gabriel Silva ១គ្រាប់ មុន ISI វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ Ndongo Lovis Villy និង Chern Jinryeong ។ ប៉ុន្ដែគ្រប់យ៉ាងត្រូវបានបញ្ចប់ បន្ទាប់ពី សារ៉េត គ្រីយ៉ា បន្ថែមគ្រាប់ទី៤ និងជាគ្រាប់ចុងក្រោយ ឲ្យក្រុមកំពូលតារាង នៅនាទី៨៤ ។

ដោយឡែកភ្នំពេញក្រោន បានវាយបកស្មើក្រុមណាហ្គាវើលដ៏ ១-១ ក្នុងជំនួបជុំទី៣ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។ ជំនួបដ៏តានតឹងនេះ កីឡាករ Naruse Yuta បានស៊ុតបំប៉ោងសំណាក់ក្រុមសិង្ហក្រហម ១គ្រាប់មុន នៅដើមវគ្គទី២ បន្ទាប់ពីរក្សាលទ្ធផល ០-០ នៅវគ្គទី១ ។ បន្ទាប់មកភ្នំពេញក្រោន ក៏ព្យាយាមវាយបករកបានគ្រាប់តាមស្មើ នៅនាទី៦៩ ដោយកីឡាករ ប្រាក់ ធីវ៉ា ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។

តាមរយៈលទ្ធផល ២ប្រកួតដំបូង ក្នុងសប្ដាហ៍ទី២២ នៃលីគកំពូលកម្ពុជានេះ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង រក្សាកៅអីកំពូលតារាង ជាមួយការបង្កើតគម្លាតពិន្ទុកាន់តែឆ្ងាយពីគូប្រជែង ពោលគឺពួកគេរកបាន ៥៦ពិន្ទុ នាំមុខក្រុមភ្នំពេញក្រោន ៧ពិន្ទុ ដ្បិតក្រុមជើងឯក ៨សម័យនេះ កំពុងឈរលេខរៀងទី២ នឹងរកបាន ៤៩ពិន្ទុប៉ុណ្ណោះ ។ ដូច្នេះក្រុមព្រះខ័នរាជស្វាយរៀង កំពុងមានភាគរយខ្ពស់ជាងគេ ក្នុងដំណើរប្រជែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៣/២៤ ។ តែក្រុមមួយចំនួន ក៏មិនទាន់អស់សង្ឃឹមដែរ ពិសេសក្រុមភ្នំពេញក្រោន ។

គួរដឹងថា លីគកំពូលកម្ពុជា ឆ្នាំ២០២៣/២៤ មានក្លិបចូលរួមចំនួន ១០ក្រុម និងបែងចែកការប្រកួតជា ៤ជុំ ក្នុងនោះ ៣ជុំដំបូង គឺជាការប្រកួតសន្សំពិន្ទុ រវាងបេក្ខភាពចូលរួមទាំង ១០ក្លិប ។ បន្ទាប់មកក្លិបដែលមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម(Top-4) នឹងទទួលបានកៅអីបន្ដការប្រកួតជុំទី៤ ដែលជាជុំកាត់សេចក្ដី ដើម្បីស្វែងរកក្រុមជយលាភី ដោយរាប់ពិន្ទុបន្ដពីការប្រកួត ៣ជុំដំបូង ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាក្រុមជើងឯកតែម្ដង ៕