(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Intel និង Microsoft បានចាប់ដៃគូសហការណ៍គ្នាក្នុងកិច្ចព្រមព្រៀមមួយមានតម្លៃជាង ១៥ពាន់លានដុល្លារ ខណៈ Intel នឹងមានតួនាទីក្នុងការផលិតបន្ទះឈីបដែលរចនាដោយ Microsoft។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Verge នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

Intel បានប្រកាសពីភាពជាដៃគូនេះ ក្នុងអំឡុងពេលព្រឹត្តិការណ៍ «Intel Foundry» របស់ខ្លួននៅថ្ងៃសុក្រនេះ។ ទោះបីជាក្រុមហ៊ុនទាំងពីរ មិនបានបញ្ជាក់ពីអ្វីលំអិត ថាបន្ទះឈីបនេះនឹងត្រូវយកទៅប្រើសម្រាប់អ្វីក៏ដោយ តែបើតាមការចេញផ្សាយពី Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Microsoft បាននឹងកំពុងរៀបចំការរចនាបន្ទះឈីប ដើម្បីឲ្យ Intel ជាអ្នកផលិត ហើយវានឹងត្រូវយកទៅប្រើទាំងផ្នែក processors និង AI accelerators ផងដែរ។

នេះមិនមែនជារឿងថ្មីទេ ដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗចាប់ដៃគូសហការគ្នា ផលិតបន្ទះឈីបនោះ ត្បិតកន្លងទៅ ក្រុមហ៊ុនតៃវ៉ាន់ Semiconductor Manufacturing Company (TSMC) មានភាពជាដៃគូជាមួយក្រុមហ៊ុនយក្សនានា ក្នុងការរកប្រាក់ចំណេញជាមួយក្រុមហ៊ុនដូចជា Apple, Qualcomm និង AMD ជាដើម។