(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះថា ខ្លួនកំពុងផ្អាកមុខងារបង្កើតរូបភាព ដោយបញ្ញាសិប្បនិម្មិត AI ឈ្មោះថា Gemini បន្ទាប់ពីបាន ផ្តល់នូវរូបភាពមិនត្រឹមត្រូវពាក់ព័ន្ធប្រវត្តិសាស្ត្រ និងមានការមិនពេញចិត្តជាច្រើន ពីសំណាក់អ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកប្រើប្រាស់មុខងារ AI នេះ ក្នុងសហរដ្ឋអាមេរិកបានត្អូញត្អែរថា បច្ចេកវិទ្យា AI របស់ Google បានបង្កើតរូបភាពក៏ដូចជាផ្តល់ព័ត៌មានពាក់ព័ន្ធនឹងតួរលេខប្រវត្តិសាស្ត្រ ក៏ដូចជាបិតាស្ថាបនិកសហរដ្ឋអាមេរិ មិនត្រឹមត្រូវ ដែលវាជាប្រការមួយគ្រោះថ្នាក់យ៉ាងខ្លាំង ព្រោះពាក់ព័ន្ធប្រវត្តសាស្ត្រ។ ឆ្លើយតបនឹងបញ្ហានេះ Google បាននិយាយនៅក្នុងការបង្ហោះសារលើបណ្តាញសង្គម X ថា «មុខងារ AI បង្កើតរូបភាពមនុស្សបានយ៉ាងទូលំទូលាយ ហើយជាទូទៅវាជារឿងល្អមួយ ពីព្រោះមនុស្សជុំវិញពិភពលោកប្រើប្រាស់វា»។ ប៉ុន្តែពេលនេះមានការនិយាយថា លក្ខណៈពិសេសរបស់កម្មវិធីគឺមានបញ្ហា ដូច្នេះខាងក្រុមសម្រេចផ្អាកមុខងារនេះ ដើម្បីកែលម្អ និងបើកឲ្យប្រើប្រាស់វិញនាពេលខាងមុខ។

គួរជម្រាបថា មុខងារ AI ដែលអាចបង្កើតរូបភាពរបស់ Google ត្រូវបានដាក់ឱ្យដំណើរការនៅដើមខែកុម្ភៈ តាមរយៈ Gemini ដែលពីមុនត្រូវបានគេហៅថា Bard ។ មុខងារនេះ ត្រូវបានគេមើលឃើញថា កំពុងប្រឈមមុខនឹងបញ្ហា នៅពេលដែល Google កំពុងព្យាយាមតាមទាន់ឲ្យទាន់បច្ចេកវិទ្យារបស់ OpenAI ដែលគាំទ្រដោយ Microsoft៕