(អឺរ៉ុប)៖ បុរសវ័យ ៤០ឆ្នាំ Dani Alves អតីតកីឡាករខ្សែការពារឆ្នើមរបស់ក្លឹប FC Barcelona នឹងជម្រើសជាតិប្រេស៊ីល ត្រូវបានរកឃើញថា មានទោសពីបទរំលោភបំពានផ្លូវភេទនៅក្លឹបរាត្រី ក្នុងប្រទេសអេស្ប៉ាញ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ៦ខែ ខណៈក៏ដោយបានបង់ប្រាក់សំណងខ្លះចំនួន ១៥០,០០០អឺរ៉ូ ។

សាលាឧទ្ធរណ៍ទីក្រុង Barcelona បានប្រកាសសាលក្រម ២សប្តាហ៍ បន្ទាប់ពីការកាត់ក្តីបានចាប់ផ្តើម ចំពោះអតីតកីឡាករបាល់ទាត់ឆ្នើម Dani Alves ដោយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ឆ្នាំកន្លះពីបទរំលោភបំពានស្រ្តីម្នាក់មានអាយុ ២៣ឆ្នាំនៅក្នុងបន្ទប់ទឹកនៃបន្ទប់ឯកជនមួយនៅក្នុងក្លឹបរាត្រី Sutton ក្នុងទីក្រុង Barcelona កាលពីយប់ខែធ្នូ ឆ្នាំ២០២២។

ការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលនៅត្រឹម ៤ឆ្នាំកន្លះនេះ គឺដោយសារតែការពិតអតីតកីឡាករបាល់ទាត់រូបនេះ បានផ្តល់សំណងផ្នែកខ្លះដល់ជនរងគ្រោះរួចហើយ ដោយបានបង់ប្រាក់សំណងចំនួន ១៥០,០០០អឺរ៉ូ កាលពីរដូវក្តៅមុនដែលជាសំណងសម្រាប់ការខូចខាតដែលបានបង្កឡើង៕

បញ្ចាក់ផងថា មុនជួបរឿងអាស្រូវបែបនេះ Dani Alves ធ្លាប់ជាកីឡាករម្នាក់ឈ្នះពានរង្វាន់លីគអេស្ប៉ាញ La Liga ចំនួន ៦លើក ជាមួយពានអឺរ៉ុប UEFA Champions League , FIFA Club World Cup ៣លើកដូចគ្នា ជាមួយក្លិប FC Barcelona និងពាន Serie A ជាមួយក្លិប Juventus ហើយលើកពានលីគបារាំង Ligue 1 ២លើកកាលលេងនៅ PSG។

ជាមួយជម្រើសជាតិប្រេស៊ីល Dani Alves ក៏បានរួមចំណែកលើកពាន Copa America, FIFA Confederations Cup ចំនួន ២លើកដូចគ្នា៕