ហ្គាណា ដកតំណែងលោក Hughton ក្រោយហាលអាវក្នុងពូលនៅ Afcon 2023
24-01-2024 10:34
(បរទេស)៖ លោក Chris Hughton បានក្លាយជាគ្រូបង្វឹកដំបូងគេ ក្នុងចំណោម ២៤ក្រុម ដែលបាត់បង់តំណែងក្នុងព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីប Africa Cup of Nations 2023 នៅប្រទេសកូដឌីវ័រ ដ្បិតពុំអាចជួយជម្រើសជាតិហ្គាណា ឈានទៅវគ្គ ១៦ក្រុមចុងក្រោយបាន។
បុរសវ័យ ៦៥ឆ្នាំខាងលើនេះ បានដឹកនាំក្រុមផ្កាយខ្មៅហ្គាណារកបានត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ ក្នុងចំណោមប្រកួត ៣លើកប្រចាំពូល B របស់ពួកគេនៅ Cup of Nations លើកទី៣៤ នេះ ដោយបានលេងស្មើ ២-២ ពេលប៉ះអេហ្ស៊ីប និងម៉ូហ្សំប៊ិ និងចាញ់ក្រុម Cape Verde ២-១ នៅថ្ងៃបើកឆាកផងដែរ ដែលធ្វើឱ្យក្រុមមួយនេះកាន់តែដាច់ឆ្ងាយពី ក្រុម លេខ៣ ទាំង៤ក្រុម ក្នុងការជ្រើសរើសឡើងទៅវគ្គបន្ត។
នៅចាំបានថា លោក Hughton ដែលធ្លាប់ដឹកនាំជម្រើសជាតិសាធារណរដ្ឋអៀរឡង់ និងក្លិបអាជីពមានដូចជា Newcastle, Brighton រួមទាំង Nottingham Forest ផងនោះ ត្រូវបានតែងតាំងក្នុងការដឹកនាំក្រុមហ្គាណានាអំឡុងខែ កុម្ភៈឆ្នាំទៅ។
ហ្គាណា ក៏បានហាលអាវត្រឹមវគ្គចែកពូលនេះដែរកាលពី Afcon 2021 នៅប្រទេសកាមេរូន ហើយក្រុមស្ថិតនៅតំបន់ ភាគខាងលិចទ្វីបអាហ្រ្វិកមួយនេះ ក៏ស្ថិតក្នុងភាពត្រដាបត្រដួសនេះដែរ ក្នុងការប្រកួតជម្រុះ World Cup 2026 ដោយបានឈ្នះគូប្រជែង Madagascar មុនមកចាញ់ Comoros ១-០ វិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ៕