(អេមស្ទឺដេម)៖ ខ្សែបម្រើសញ្ជាតិអង់គ្លេស Jordan Henderson ខិតជិតនឹងចូលរួមជាមួយក្លិបហូឡង់ Ajax ក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍ បន្ទាប់ពីចំណាយរយៈពេលជិត ៦ខែ លេងនៅក្លិបអារ៉ាប៊ីសាអូឌីត Al-Ettifaq។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

ការត្រៀមរៀបចំបាននិងកំពុងធ្វើឡើង សម្រាប់ការទៅដល់របស់លោក នៅក្លិបដែលមានមូលដ្ឋាននាទីក្រុង Amsterdam ប៉ុន្តែកិច្ចព្រមព្រៀងមិនទាន់សម្រេចនៅឡើយនោះទេ។

ខ្សែបម្រើវ័យ ៣៣ឆ្នាំរូបនេះ បានចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ ដោយមានតម្លៃខ្លួន ៧០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ជាមួយក្លិប Al-Ettifaq នៅពេលដែលលោកចាកចេញពីក្លិប Liverpool ក្នុងកិច្ចព្រមព្រៀងតម្លៃ ១២លានផោន កាលពីខែកក្កដា ឆ្នាំមុន។

យ៉ាងណាមិញ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា Jordan Henderson មិនសប្បាយចិត្ត ហើយចង់វិលត្រឡប់ទៅលេងនៅអឺរ៉ុបវិញ ខណៈគិតមកដល់ពេលនេះ ទើបតែបានបង្ហាញខ្លួន ១៧លើកប៉ុណ្ណោះ ក្នុងលីគ Saudi Pro League។

ក្លិបហូឡង់ Ajax បានស៊ូទ្រាំជាមួយនឹងយុទ្ធនាការដ៏លំបាក ដែលគិតមកដល់ពេលនេះ ពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាងលីគ Eredivisie នឹងមាន ២៣ពិន្ទុ ពីក្រោយក្លិបនាំមុខ PSV Eindhoven រដូវកាលនេះ។

ប្រសិនបើកិច្ចព្រមព្រៀងអាចបញ្ចប់បានឆាប់រហ័ស មានន័យថា ខ្សែបម្រើកណ្តាល Henderson អាចនឹងបង្ហាញខ្លួនជាលើកដំបូងរបស់លោក សម្រាប់ក្លិបយក្សហូឡង់ ទល់នឹងក្លិប RKC Waalwijk ក្នុងលីគ Eredivisie នៅថ្ងៃអាទិត្យសប្តាហ៍នេះ៕

https://www.bbc.com/sport/football/67975946