(ប៉ារីស)៖ ទីក្រុង Paris ប្រទេសបារាំង កំពុងស្ថិតទៅតាមការគ្រោងទុក ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Summer Olympics ក្នុងឆ្នាំនេះ ខណៈហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នឹងសាងសង់រួចរាល់ តាមពេលវេលា ដែលបានគ្រោងទុក បើទោះបីជាមានការរំខានបន្តិចបន្តួចក្តី។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

បើតាមសម្តីប្រធានក្រុមហ៊ុន លោក Nicolas Ferrand បានប្រាប់ក្រុមសមាជិកព្រឹទ្ធសភាបារាំង នៅថ្ងៃពុធ ថា ភូមិស្នាក់នៅសម្រាប់អត្តពលិក ដែលមានប្រមាណ ៥០០គ្រែ នឹងត្រូវប្រគល់ជូន នៅថ្ងៃទី០១ ខែមីនា ដោយក្រុមហ៊ុនសាងសង់ SOLIDEO។

ជាមួយគ្នានោះ ព្រឹត្តិការណ៍ប្រកួតគុនដាវ និងតេក្វាន់ដូ នឹងត្រូវធ្វើឡើងនៅសារមន្ទីរ Grand Palais ជិតទៅនឹងវិថី Champs Elysees។

លោក Ferrand បានលើកឡើងថា «សរុបជារួម, មានប្រធានបទចំនួន ៣ប៉ុណ្ណោះ ក្នុងចំណោម៧០ ដែលបង្កឱ្យមានបញ្ហាតិចតួច, ហើយគ្មានការកែប្រែកម្មវិធីនោះទេ» ខណៈការសាង់សងមជ្ឈមណ្ឌល Aquatic សម្រាប់ការប្រកួតមុជទឹក និងហែលទឹក នឹងត្រូវប្រគល់ជូនមុន ១ខែ មុនកាលកំណត់ ពោលគឺអំឡុងខែមីនា។

លោក Ferrand បានបញ្ជាក់ថា ការងារទាំងអស់នេះ ត្រូវបានធ្វើឡើងក្នុងថវិកាកម្រិតមួយ ជាមួយនឹងតម្លៃ ១.៤១២ពាន់លានអឺរ៉ូ ខណៈការរំពឹងទុកមានចំនួន ១.៣៧៨ពាន់លានអឺរ៉ូ។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡា Paris Olympics 2024 នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ហើយព្រឹត្តិការណ៍ Paralympics នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញាខាងមុខ៕