(បរទេស)៖ ការសិក្សាថ្មីមួយបានបង្ហាញថា ជនជាតិអាមេរិកជាមធ្យមចំណាយប្រាក់ជិត ៣,៤០០ដុល្លារក្នុងមួយឆ្នាំលើគម្រោងអ៊ីនធឺណិត ទូរស័ព្ទ និងទូរទស្សន៍។ ដោយឡែកតាមការប៉ាន់ប្រមាណក្នុងរយៈពេល ៦០ឆ្នាំ ជនជាតិអាមេរិកជាធម្មតាចំណាយប្រាក់សរុបអស់រហូតដល់ទៅជាង ២០ម៉ឺនដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

តាមរយៈការសិក្សាពី Review.org បានរកឃើញថា គ្រួសារធម្មតានៅសហរដ្ឋអាមេរិកចំណាយប្រហែល ៩៧៥ដុល្លារក្នុងមួយឆ្នាំលើគម្រោងអ៊ីនធឺណិត ៧៩៣ដុល្លារលើគម្រោងទូរស័ព្ទ ៦៦០ដុល្លារលើសេវាកម្មស្រ្ទីម និង ៩៦២ដល្លារលើទូរទស្សន៍ខ្សែកាប សរុបការចំណាយជាមធ្យមមានចំនួន ៣,៣៩០ដុល្លារក្នុងមួយឆ្នាំ។ ដោយឡែកក្នុងរយៈពេល ៦០ឆ្នាំការចំណាយទាំងនេះ អាចឈានដល់កម្រិតគួរឱ្យភ្ញាក់ផ្អើល ជាឧទាហរណ៍ តម្លៃអ៊ីនធឺណិតគឺជិត ៥៩,០០០ដុល្លារ។ សរុបមកការសិក្សាបានរកឃើញថា ការចំណាយពេញមួយជីវិតគឺប្រហែល ២០៣,៨០៣ដុល្លារ។

ដើម្បីកាត់បន្ថយការចំណាយទាំងនេះគេហទំព័រ Review.org បង្ហាញពីយុទ្ធសាស្រ្តមួយចំនួនដែលអាចយកទៅអនុវត្តបានដូចជា ការចរចារតម្លៃ ការប្រើប្រាស់ជាកញ្ចប់សេវាកម្ម ស្វែងរកការបញ្ចុះតម្លៃ និងកាត់បន្ថយសេវាកម្មដែលមិនចាំបាច់។ ជាឧទាហរណ៍ក្នុងចំណោមអ្នកប្រើប្រាស់ម្នាក់អាចសន្សំប្រាក់បានដោយការកាត់បន្ថយការប្រើប្រាស់នូវគណនី Premium ឬ Premium Channels រៀបចំប្រអប់ខ្សែកាប និងស្វែងរកជម្រើសអ៊ីនធឺណិតដែលមានតម្លៃទាបជាដើម។

ជាក់ស្តែងដើម្បីជាវគម្រោងគ្មានការផ្សាយពាណិជ្ជកម្មជាមួយ Netflix, Amazon Prime Video, Max, Peacock, Paramount+, Apple TV+, Disney+, Hulu និង Britbox ឥឡូវនេះកើនឡើងខ្ពស់ឈានដល់ ១២១.៤១ដុល្លារឯណោះក្នុងមួយខែ។ ជម្រើសដ៏ល្អនោះ គឺស្វែងរកការប្រើប្រាស់ក្នុងកញ្ចប់តម្លៃប្រម៉ូសិន កាត់បន្ថយការប្រើមិនចាំបាច់ និងប្រើប្រាស់ក្នុងតម្លៃទាបជាង ឬលើស ៣០ដុល្លារក្នុងមួយខែគឺជាការប្រសើរ ក៏ដូចជាការកាត់ការចំណាយប្រចាំថ្ងៃផងដែរ៕