(បរទេស)៖ យោងតាមទិន្នន័យបឋមរបស់ Nielsen បានឲ្យដឹងថា ទស្សនិកជនចំនួន ៤.៣លាននាក់ បានចូលទស្សនាការផ្សាយផ្ទាល់កម្មវិធីពានរង្វាន់ Emmy Awards លើកទី៧៥ នៅលើទូរទស្សន៍អាមេរិក Fox ដែលធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែមករា (ម៉ោងនៅសហរដ្ឋអាមេរិក) ខណៈចំនួននេះគឺទាបបំផុត បើប្រៀបធៀបនឹងកំណត់ត្រាកន្លងទៅ ដែលខ្លួនអះអាងថា ជាកំណត់ត្រាមានអ្នកចូលទស្សនានៅតែទាបដដែល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straitstimes នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

តាមកំណត់ត្រាកន្លងទៅ ដែលខ្លួនចាត់ទុកថា​ ជាចំនួនទាបកាលពីឆ្នាំ២០២២នោះ គឺមានអ្នកចូលទស្សនា ៥.៩លាននាក់។ តែយ៉ាងណា ងាកមកចំនួននាពេលថ្មីៗនេះ គឺទាបជាងឆ្នាំ២០២២ ទៅទៀត ដោយមានចំនួនចូលទស្សនាត្រឹមតែ ៤.៣លាននាក់។ ចំនួនអ្នកចូលទស្សនាតិចបែបនេះ ត្រូវបានគេរំពឹងថា កំពុងតែធ្វើឲ្យកម្មវិធីខ្នាតយក្ស ដែលប្រមូលផ្សំដោយតារាល្បីៗ លំដាប់ពិភពលោកមួយនេះ កាន់តែខិតទៅរកហានិភ័យ ពោលគឺចំនួន Views សឹងតែស្មើកម្មវិធី Tony Awards ដែលកម្មវិធីនេះតូចជាង Emmy awards ត្បិតអ្នករៀបចំកម្មវិធី Emmys បានខិតខំរៀបចំឲ្យបានល្អឥតខ្ចោះយ៉ាងណាក៏ដោយ។ បើនិយាយទៅ The Emmys ក៏ប្រឈមមុខនឹងការប្រកួតប្រជែង ពីកម្មវិធីពានរង្វាន់ផ្សេងៗទៀត ដូចជាកម្មវិធី Golden Globes និងកម្មវិធី Critics Choice Awards ជាដើម។

គួរជម្រាបថា កម្មវិធីពានរង្វាន់ Emmy Awards ហាក់មានភាពរអាក់រអួលជាយូរមកហើយ ពោលគឺត្រូវបានពន្យារពេលរយៈពេល៤ខែ ដោយសារតែអ្នកនិពន្ធរឿង និងតួសម្តែងបានធ្វើកូដកម្មនៅឆ្នាំ២០២៣ ដែលជាការពន្យារពេលដ៏យូរបំផុត សម្រាប់ព្រឹត្តិការណ៍នេះ ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមក៕