(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់លំដាប់ពិភពលោក «Miss Global 2023» ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានឈានដល់វគ្គបង្ហាញឈុតតំណាងជាតិនីមួយ ក្នុងចំណោមបេក្ខនារីជាង៧០ប្រទេស ដែលបានចូលរួម ខណៈដែលបេក្ខភាពរបស់ប្រទេសកម្ពុជា បានជ្រើសរើសយកឈុតតំណាងជាតិមួយមានឈ្មោះថា «ប្រទីបព្រះស្រីក្រុងធិបតី» ដើម្បីមកចូលរួមនៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
National Costume Miss Global Cambodia 2023 ដែលនឹងចូលរួមប្រកួតប្រជែង National Costume Competition Miss Global 2023 ត្រូវបានគ្រងឡើងដោយបេក្ខនារី ល័ក្ខ មុនីអានីតា ដែលតំណាងឲ្យប្រទេសកម្ពុជា ខណៈដែលបេក្ខនារីមកពីបណ្ដាប្រទេសផ្សេងៗ ជុំវិញពិភពលោក ក៏សុទ្ធសឹងតែមានឈុតស្អាតៗប្លែកៗ ដើម្បីចូលរួមប្រកួតប្រជែងដោយភាពជឿជាក់ និងពិតជាស្វិតស្វាញមែនទែន សម្រាប់ព្រឹត្តិការណ៍មួយនេះ នៅថ្ងៃផ្ដាច់ព្រ័ត្រ។
អ្នកគ្រប់គ្រងព្រឹត្តិការណ៍ «Miss Global 2023» ប្រចាំប្រទេសកម្ពុជា លោក អ៊ិន សុភិន បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិ «Miss Global 2023» ប្រចាំឆ្នាំ២០២៣ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំការប្រកួត ជាមួយនឹងប្រទេសវៀតណាម ខណៈវគ្គផ្ដាច់ព្រ័ត្រ គឺរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះមានបេក្ខនារីប្រមាណជាង៧០រូប នៅជុំវិញពិភពលោក ចូលរួមប្រកួតប្រជែង។ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ គឺជាការបង្ហាញឈុតតំណាងជាតិ របស់បេក្ខនារីនីមួយៗ ហើយកម្ពុជាបានសម្រេចយកឈុតតំណាងជាតិឈ្មោះ «ប្រទីបព្រះស្រីក្រុងធិបតី» មកប្រកួតប្រជែង ដែលគ្រងដោយកញ្ញា ល័ក្ខ មុនីអានីតា។
បើតាមអ្នកច្នៃម៉ូដឈុតតំណាងជាតិ បានឲ្យដឹងថា ឈុតតំណាងជាតិ «ប្រទីបព្រះស្រីក្រុងធិបតី» នៃព្រះរាជាណាចក្រកម្ពុជា គឺរចនាឡើងតែក្នុងរយៈពេល១៥ ថ្ងៃប៉ុណ្ណោះ ហើយមើលឃើញថា បេក្ខនារីរបស់ប្រទេសកម្ពុជា ធ្វើបានល្អមែនទែន និងស័ក្តិសមណាស់ពេលគ្រងឈុតនេះឡើង។ ប្រទីប គឺបងប្អូនខ្មែររបស់យើងតែតែងធ្វើ និងបង្ហាញឡើងនៅក្នុងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ពេលមានពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ ហើយឈុតនេះបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់កូនខ្មែរ ដែលបានច្នៃឈុតថ្មីៗប្លែកៗ បង្ហាញឲ្យពិភពលោកបានស្គាល់ពីវប្បធម៌ អរីយធម៌ អត្តសញ្ញាណរបស់ជាតិ ហើយខ្មែរនៅមានអ្វីៗដែលប្លែកៗច្រើនណាស់ សម្រាប់បង្ហាញដល់ពិភពលោកបានដឹង។
ដោយឡែកសម្រាប់បេក្ខនារីតំណាងកម្ពុជា កញ្ញា ល័ក្ខ មុនីអានីតា បានសម្ដែងក្ដីរំភើបរីករាយជាខ្លាំង ពេលដែលបានគ្រងឈុតតំណាងជាតិមួយនេះ ហើយនាងមិនបានបង្ហាញពីក្ដីរំពឹងខ្ពស់ពេកនោះទេ សម្រាប់ការទទួលបានជយលាភី ប៉ុន្តែនាងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ពោលគឺអ្វីដែលនាងមាន គឺត្រូវបញ្ចេញឲ្យអស់ ទាំងការដើរ ការនិយាយ សំណួរចម្លើយផ្សេង គឺត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាព ហើយត្រៀមខ្លួនសម្រាប់ទទួលយកលទ្ធផលគ្រប់បែបយ៉ាង។
សូមបញ្ជាក់ថា កម្មវិធី «Miss Global 2023» នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ដោយប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងនោះបេក្ខនារីតំណាងឲ្យកម្ពុជា គឺកញ្ញា ល័ក្ខ មុនីអានីតា ក៏ត្រូវបានបញ្ជូនឲ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីដ៏ធំនេះ ខណៈដែលបេក្ខនារីមកពីបណ្ដាប្រទេសផ្សេងៗទៀត សុទ្ធសឹងតែខ្លាំងៗ និងមានសមត្ថភាពល្អដូចៗគ្នា៕