(ភ្នំពេញ)៖ តារាចម្រៀងរ៉េបល្បីឈ្មោះ លោក នេន ទុំ បានបង្ហាញក្ដីរំភើបរីករាយ បន្ទាប់ពីមានអ្នកជួយឧបត្ថម្ភជ្រោមជ្រែង ក្នុងការផលិតបទចម្រៀងថ្មីរបស់ខ្លួនឡើងវិញ ឲ្យលេចចេញជារូបរាងឡើង ក្នុងវិស័យសិល្បៈ ដែលខ្លួនជាអ្នកផលិតឡើងដោយផ្ទាល់ដៃ ជាពិសេសគឺកាថត MV នៃបទចម្រៀងមួយមានចំណងជើងថា «បើកទំព័រសាស្រ្តា» ឲ្យទទួលបានជោគជ័យ។

មហាជននៅចាំបានថា កាលពីប៉ុន្មានថ្ងៃមុននេះតារាចម្រៀង នេន ទុំ បានចេញបទចម្រៀងថ្មីមួយបទ ដែលមានចំណងជើងថា «បើកទំព័រសាស្រ្តា» ដែលខ្លួនទើបតែចេញបានប៉ុន្មានថ្ងៃ ហើយក៏មានគំនិតចង់រក Sponsor ដើម្បីចង់ថតបទចម្រៀងមួយនេះឲ្យចេញជារូបរាងឡើង។ តែការរំពឹងបែបនេះ មិននឹកស្មានថា ពេលពឹងមិត្តភក្តិឲ្យសួរតាមបណ្ដាក្រុមហ៊ុននានា គឺទទួលបានការបដិសេដទាំងអស់ ដែលធ្វើឲ្យតារាចម្រៀង នេន ទុំ បង្ហាញអារម្មណ៍ក្តុកក្ដួល ហើយគិតថាខ្លួនចូលប្រឡូកក្នុងវិស័យសិល្បៈជាង២០ឆ្នាំហើយ ប៉ុន្តែមានអារម្មណ៍ថា នៅតែទទួលបានការរើសអើងដដែល ហើយគេនៅតែគិតថា បទចម្រៀងរបស់ខ្លួនធ្វើឡើងគ្មានគុណភាព។

ប៉ុន្តែនៅពេលនេះ អ្នកគាំទ្របានសម្ដែងការភ្ញាក់ផ្អើល ដោយឃើញតារាចម្រៀង នេន ទុំ និងម៉ាដាម ដា បានថតរូបជាមួយគ្នាថែមទាំងមានស្នាមញញឹមទាំងសងខាង ដូចមានដំណឹងល្អអ្វីមួយ។ ម៉ាដាម ដា បានបង្ហោះសារថា «ជោគជ័យជាមួយអ្វីដែលបងស្រឡាញ់បងប្រុស Nen Tum» ។ ជាការពិត ម៉ាដាម ដា បានជួយស្រោងស្រង់ នេន ទុំ ក្នុងការផលិតបទចម្រៀងថ្មីរបស់ខ្លួន ដែលចំណងជើងថា «បើទំព័រសាស្រ្តា»

បន្ទាប់ពីឃើញសារផ្ដល់នូវក្ដីសង្ឃឹមបែបនេះ តារាចម្រៀង នេន ទុំ ក៏បានស៊ែរផុសរបស់ ម៉ាដាម ដា ដោយភ្ជាប់នឹងប្រយោគថា «ជាកិត្តិយសនិងសេចក្តីរំភើបខ្លាំងណាស់សំរាប់រូបបង, ប្អូនស្រី MADAM DA ប្អូនជួយជ្រោមជ្រែង ផ្តល់ក្តីសង្ឃឹមថ្មីដល់ការផលិតបទ (បើកទំព័រសាស្រា្ត) ក៏អរគុណបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ និងលើកទឹកចិត្តដល់រូបខ្ញុំ ពេលនេះបទរបស់ខ្ញុំមានសង្ឃឹមហើយ»

គួរបញ្ជាក់ផងដែរថា ម៉ាដាម ដា មិនត្រឹមតែជាអ្នកលក់អនឡាញដ៏ល្បីល្បាញមួយរូបទេ ថែមទាំងជាបុគ្គលម្នាក់ចូលចិត្តជ្រៀតជ្រែកក្នុងរឿងជួយដល់សង្គម ដែលលោកស្រីមានចិត្តសប្បុរសធម៌ ចូលចិត្តជួយដល់ក្មេងកំព្រា មនុស្សដែលខ្វះខាត និងត្រូវការជំនួយជាចាំបាច់ជាដើម។ ដូចពេលថ្មីៗនេះ ម៉ាដាម ដា នឹងក្រុមការងារទើបតែចុះចែកអំណោយនៅខេត្តមណ្ឌលគិរី ដល់សិស្សានុសិស្ស ទុរគតជន និងមន្ទីរពេទ្យបង្អែកខេត្ត ដែលជាគំរូល្អដល់សង្គម ហើយទទួលបានការកោតសរសើរ ពីមហាជនយ៉ាងច្រើនកុះករផងដែរ៕