(ភ្នំពេញ)៖ ក្រុមបាល់បោះរទេះនារីជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះថៃ លើវិញ្ញាសា ៥នាក់ ទល់ ៥នាក់ នាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ ដើម្បីប្រជែងកៅអីកំពូលតារាងពូល B និងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) នៃព្រឹត្តិការណ៍បាល់បោះរទេះជើងឯកតំបន់អាស៊ី-អូសេអានី (IWBF Asia Oceania Championships) ឆ្នាំ២០២៤ និងវគ្គជម្រុះកីឡាប៉ារ៉ាឡាំពិក-ប៉ារីស ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ។

មុនជំនួបបញ្ចប់ពូល B រវាងក្រុមខ្លាំងទាំងពីរ ក្រុមបាល់បោះរទេះនារីកម្ពុជា និងថៃ សុទ្ធតែបានទទួលជ័យជម្នះ ៤ប្រកួតជាប់គ្នារៀងៗខ្លួន ក្នុងនោះជ័យជម្នះ ៤ប្រកួតរបស់កម្ពុជា រួមមានឈ្នះក្រុមហ្វីលពីន ៣៩-១២, ឈ្នះក្រុមអាស៊ី-អូសេអានី(AOZ) ៧៣-២៩, ឈ្នះក្រុមឥណ្ឌា ៦៦-៣៣ និងឈ្នះក្រុមឡាវ ៥១-២៧ ។ រីឯជ័យជម្នះ ៥ប្រកួតរបស់ម្ចាស់ផ្ទះថៃ រួមមានឈ្នះក្រុមឥណ្ឌា ៦៣-៨, ឈ្នះឡាវ ៧៩-២០, ឈ្នះក្រុម AOZ ៥៣-២១ និងឈ្នះហ្វីលីពីន ៧៧-១០។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ IWBF Asia Oceania Championships 2024 នេះ គឺមានក្រុមបាល់បោះរទេះនាតីខ្លាំងៗ ៩ក្រុមចូលរួម និងចែកចេញជា ២ពូល ក្នុងនោះពូល (A) មានអូស្ដ្រាលី ចិន និងជប៉ុន គ្រាដែលពូល (B) មានកម្ពុជា ឡាវ ហ្វីលីពីន ឥណ្ឌា AOZ និងម្ចាស់ផ្ទះថៃ ។ ចំពោះរូបមន្ដប្រកួត ពូល A ត្រូវប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលប៉ះគ្នា ២ដង តែពូល B ត្រូវប្រកួតវិលជុំសន្សំពិន្ទុប៉ះគ្នាតែម្ដងប៉ុណ្ណោះ ។ បន្ទាប់មកក្រុមលេខ១ នៃពូល B ត្រូវចូលទៅឈរលេខ៤ ពូល A ដែលមានត្រឹម ៣ក្រុម និងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង។

ក្រឡេកមកមើលតារាងពិន្ទុបណ្ដោះអាសន្ន ក្នុងពូល B វិញ បច្ចុប្បន្នក្រុមម្ចាស់ផ្ទះថៃ កំពុងឈរលេខ១ ខណៈកម្ពុជា ឈរលេខ២ តែមាន ៨ពិន្ទុស្មើគ្នា ។ ដូច្នេះជំនួបបញ្ចប់ពូល រវាងក្រុមទាំងពីរ នាល្ងាចនេះ គឺជាការប្រកួតដ៏សំខាន់ ដែលទាមទារជ័យជម្នះរៀងខ្លួន ដើម្បីប្រជែងកៅអីកំពូលតារាង ក៏ដូចជាទទួលបានកៅអីមួយ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់ប្រជែងជើងឯក IWBF Asia Oceania Championships 2024 ផង និងទទួលបានកៅអីចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិក-ប៉ារីស (Paris 2024 Paralympics Games) ឆ្នាំ២០២៤ នៅប្រទេសបារាំងផង។

គួរដឹងថា ក្នុងការប្រកួតបាល់បោះរទេះជើងឯកអាស៊ី-អូសេអានី លើវិញ្ញាសា ៥នាក់ ទល់ ៥នាក់នេះ គឺជាការប្រកួតជម្រុះតាមតំបន់មួយ ដើម្បីស្វែងរកក្រុមជើងឯកទៅប្រកួតកីឡាប៉ារ៉ាឡាំពិក-ប៉ារីស ឆ្នាំ២០២៤ ពោលគឺក្រុមជើងឯក ទាំងបុរស-នារី នឹងទទួលបានសំបុត្រយន្ដហោះចូលរួមព្រឹត្តិការណ៍កីឡាជនពិការពិភពលោក ៤ឆ្នាំម្ដងនេះ ។ រីឯក្រុមលេខ២ និងលេខ៣ ក្នុងផ្នែកនារី នឹងទទួលបានកៅអីចូលរួមប្រកួតកម្មវិធី IWBF Women's Repechage ឆ្នាំ 2024 នៅទីក្រុង Osaka ប្រទេសជប៉ុន ខណៈក្រុមលេខ២ និងលេខ៣ ផ្នែកបុរស នឹងទទួលបានកៅអីចូលរួមព្រឹត្តិការណ៍ IWBF Men's Repechage ឆ្នាំ 2024 នៅ Antibes ប្រទេសបារាំង។

ចំណែកការប្រកួតវិញ្ញាសា ៣ ទល់ នឹង ៣ ដែលក្រុមបាល់បោះរទេះនារីកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ក្រោយចាញ់ក្រុមខ្លាំងចិន ៩-៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្មីៗនេះ សម្រាប់ក្រុមជយលាភី ពុំទទួលបានកៅអីចូលរួមព្រឹត្តិការណ៍ធំៗ ខាងលើនោះទេ ពោលគឺគ្រាន់តែលទ្ធផលសម្រាប់ការប្រកួតជើងឯកអាស៊ី-អូសេអានីប៉ុណ្ណោះ ។

ជាក់ស្ដែងក្រុមចិន ដែលឈ្នះមេដាយមាស គឺពុំទទួលបានកៅអីចូលរួមព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក-ប៉ារីស ឡើយ ដោយសារវិញ្ញាសា ៣នាក់ ទល់ ៣នាក់ មិនត្រូវបានដាក់ក្នុងការប្រកួត ពោលគឺមានតែវិញ្ញាសា ៥នាក់ ទល់ ៥នាក់ប៉ុណ្ណោះ ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា៕