(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់ Everton និង Nottingham Forest បានប្រឈមទៅនឹងការពិន័យជាសាច់ប្រាក់ ក៏ដូចជាកាត់ពិន្ទុក្នុងលីគទៀតដែរ ដ្បិត Premier League រកឃើញថា បានល្មើសទៅនឹងច្បាប់ចាយលុយនាពេលកន្លងមក។
ស្ថាប័នលីគកំពូលអង់គ្លេសខាងលើ បានរកឃើញថា ក្លិបទាំងពីរពុំបានរាយការណ៍ពីហិរញ្ញវត្ថុដែលបានខាតបង់ ក្នុងរយៈពេល ៣ឆ្នាំដែលត្រូវបានរកឃើញដោយក្រុមបេសកកម្មឯករាជ្យនាពេលថ្មីៗនេះ ដែលតាមច្បាប់នៅ Premier League ត្រូវតែរាយការណ៍ជាប្រចាំ។
កន្លងមក Everton ត្រូវបានរងពិន័យកាត់ ១០ពិន្ទុម្តងរួចមកហើយ ដោយទាក់ទងទៅនឹងករណីខាងលើនេះដែរ ស្របពេលពួកគេបានកំពុងតវ៉ាមិនទាន់ចប់ ចំពោះការកាត់ ១០ពិន្ទុចេញពីលីគនារដូវកាលនេះទេ។
ជាមួយគ្នានោះ Forest ដែលបានក្លាយជាក្លិបទី៣ នៅលីគកំពូលអង់គ្លេស Premier League ដែលប្រឈមមុខទៅនឹងការដាក់ទណ្ឌកម្ម ដោយសារល្មើសច្បាប់ហិរញ្ញវត្ថុ បន្ទាប់ពី Everton និង Manchester City នោះ ក៏បានទទួលស្គាល់ពីទោសកំហុសនេះដែរ នឹងបន្តគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួនជាបន្តទៀត ដោយសង្ឃឹមថា ការដោះស្រាយបញ្ហាបានឆាប់ និងប្រកបដោយយុត្តិធម៌ខ្លាំងឡើង។
យ៉ាងណាក៏ដោយ ទណ្ឌកម្មទៅលើក្លិបទាំងពីរមិនទាន់ត្រូវបានដាក់ចេញនៅឡើយទេ ខណៈ Everton បច្ចុប្បន្នមានត្រឹម ១ពិន្ទុប៉ុណ្ណោះពីលើតំបន់កាត់ចេញពីលីគ គ្រាដែល Forest មាន ៣ពិន្ទុបើធៀបនឹងក្រុមស្ករគ្រាប់។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Live Score នៅថ្ងៃនេះ៕