(ក្រុងរ៉ូម)៖ ក្លិបបាល់ទាត់អាជីព AS Roma បានផ្តល់សេចក្តីទុកចិត្តដល់លោក Daniele de Rossi អតីតប្រធានក្រុមរបស់ពួកគេ ក្នុងការដឹកនាំបន្តពីលោក Jose Mourinho ក្រោមកិច្ចសន្យារហូតដល់ចប់រដូវកាលឆ្នាំ២០២៣-២០២៤ នេះ។

មែនទែនទៅ បុរសសញ្ជាតិអ៊ីតាលី វ័យ ៤០ឆ្នាំ De Rossi បានទំនេរពីការងារតាំងពីខែកុម្ភៈ ឆ្នាំ២០២៣ មកម្ល៉េះនៅក្រោយពេលក្លិបយុវជន SPAL លេងនៅ Serie B ដកតំណែង បន្ទាប់ពីដឹកនាំទើបតែបាន ១៧ប្រកួតប៉ុណ្ណោះ។

ការសម្រេចតែងតាំងលោក De Rossi ត្រូវបានធ្វើឡើងត្រឹមតែរយៈពេល ៤ម៉ោងប៉ុណ្ណោះ ក្រោយពេលលោក Jose Mourinho ត្រូវបានដកតំណែង និងស្របពេលលោក Friedkins ប្រធានក្លិប Roma បានធ្វើការថ្លែងអំណរគុណបុរស សញ្ជាតិព័រទុយហ្គាល់ «ដែលបានខិតខំបំពេញការងារ ប្រកបដោយការប្តេជ្ញាចិត្តនាពេលកន្លងមក ក្នុងនាមអ្នកចាត់ការទូទៅល្អមួយរូប»

De Rossi ដែលបានចូលនិវត្តន៍ពីកីឡាករអាជីពក្នុងឆ្នាំ២០២០ បានចូលកាន់តំណែងរបស់លោក Jose នៅមុនពេលកិច្ចសន្យាចាស់បុរសសញ្ជាតិព័រទុយហ្គាល់ វ័យ ៦០ឆ្នាំ ផុតសុពលភាពនៅបំណាច់រដូវកាលនេះ ក្រោយចូលកាន់តំណែងធំនៅក្លិបលេងនៅ Serie A មួយនេះ កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ៕