(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រគួតកីឡា ដណ្តើមពានរង្វាន់ ៧ មករា នៅស្រុកវាលវែង បន្ទាប់ពីដំណើរការអស់រយៈពេល៤សប្តាហ៍កន្លងទៅ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទិវាជាតិជ័យជំនះ (៧ មករា ១៩៧៩ - ៧ មករា ២០២៤)។

ពិធីនេះត្រូវបានធ្វើឡើងនៅទីលានវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក កែវ វីរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងារ ចុះជួយស្រុកវាលវែង, លោក សារី កោសល្យ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកវាលវែង, លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោក លោកស្រី ជាក្រុមការងារទាំង៥ឃុំ អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក វង្ស អេង អភិបាលស្រុកវាលវែង និងជាប្រធានគណៈកម្មការរៀបចំការប្រគួត បានឱ្យដឹងថា ឆ្នាំនេះក្រុមកីឡា​ករ មកពីបណ្តាឃុំ និងក្លិប ចំនួន១៩ក្រុម ក្នុងស្រុកវាលវែង ក្នុងនោះបាល់ទាត់បុរស មាន១៣ក្រុម និងបាល់ទះបុរស ចំនួន៦ក្រុម។ ឆ្លងតាមរយៈ នៃការប្រកួតអស់រយៈពេល ៤សប្តាហ៍កន្លងមក កីឡាករ ទាំងពីប្រភេទ បានយកអស់កម្លាំងកាយចិត្ត ប្រឹងប្រែងអស់ពីសមត្ថភាព ទេព្យកោសល្យ ក្នុងការប្រកួតប្រជែងប្រកបដោយទឹកចិត្តក្លៀវក្លា ក្នុងនាមជាអ្នកកីឡា និងឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ទាំងការគោរពវិន័យ បទបញ្ជា បច្ចេកទេស ស្រឡាញ់យោគយល់អព្យាស្រ័យ គឺជាសក្ខីកម្ម បង្ហាញថាយុវជនបានយល់ច្បាស់ នូវមនៈសិកាកីឡា ដែលជាគម្រូមួយដ៏ល្អ សម្រាប់ទៅថ្ងៃអនាគត ព្រោះថា «កីឡារស់នៅក្នុងសន្តិភាព» និងមានសន្តិភាពទើបមានលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

មានប្រសាសន៍សំណេះសំណាល នៅក្នុងពិធីបិទការប្រកួត, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងថា ការប្រកួតកីឡាបាល់ទាត់ និងបាល់ទះដណ្តើមពានរង្វាន់ ៧ មករា ត្រូវបានប្រារព្ធធ្វើទូទាំងខេត្ត ក្នុងនោះក៏មានស្រុកវាលវែងផងដែរ ក្រោមគំនិត្យផ្តួចផ្តើមឡើងដោយលោកផ្ទាល់ ដែលចាប់ដំណើរការដំបូង នៅស្រុកក្រគរ ស្រុកកណ្តៀង និងពង្រីកទៅតាមបណ្តាស្រុកផ្សេងៗទៀត ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៥ នៃទិវាជាតិជ័យជំនះ «៧ មករា ១៩៧៩ - ៧ មករា ២០២៤»។ ការបង្កើតឱ្យមានកម្មវិធីប្រកួតកីឡាតាមបណ្តាស្រុក ក្នុងគោលបំណងបង្កើនសាមគ្គីភាព មិត្តភាព សុខភាព ផ្តល់ភាពសប្បាយរីករាយដល់យុវជន និងប្រជាពលរដ្ឋបានប្រព្រឹត្តទៅក្នុងបរិយាកាសផុលផុស និងជ្រើសរើសបានយុវជន យុវនារីវ័យក្មេង មានសមត្ថភាព ទេព្យកោសល្យល្អ ទាំងបាល់ទាត់ និងបាល់ទះ តាមក្លិប អង្គភាព និងឃុំនីមួយៗ ដែលអាចចាត់ទុកបានថា វិស័យអប់រំកាយ និងកីឡា បាននឹងកំពុងដើរតួរនាទីសំខាន់ ជាយានក្នុងការអភិវឌ្ឍន៍សង្គមសន្តិភាព ដូចពាក្យថា «កីឡារស់ក្នុងសន្តិភាព»។ លោកបានបន្ថែមថា នៅស្រុកវាលវែង តែងតែរៀបចំព្រឹត្តការណ៍ប្រកួតកីឡានេះឡើង ដូចបណ្តាស្រុកដ៏ទៃទៀត ក៏បានដំណើរការប្រគួតជាបន្តបន្ទាប់ ជារៀងរាល់ឆ្នាំ សំដៅលើកកម្ពស់វិស័យកីឡានៅក្នុងតំបន់ ឱ្យកាន់តែមានភាពលេចធ្លោរ ពីព្រោះស្រុកវាលវែង គឺជាស្រុកដែលមានសក្តានុពលខ្ពស់ និងនៅគៀកជាប់នឹងខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តកោះកុង ពិសេសជាប់ព្រំប្រទល់ខេត្តត្រាត ប្រទេសថៃ។

លោកបានសម្តែងការកោតសរសើរ គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមសហការ ក្នុងការរៀបចំការប្រកួតកីឡា ប្រកបដោយជោគជ័យ។ បន្ថែមពីនោះ លោកបានសន្យាថា នឹងរៀបចំឱ្យមានការប្រគុំតន្ត្រីខ្នាតយក្សនៅទីនេះផ្ទាល់ ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សបានកម្សាន្តសប្បាយ ក្រោមម្លប់នៃសន្តិភាព ព្រមទាំងបានប្រគល់ជ័យលាភី និងរង្វាន់លើកទឹកចិត្ត ដល់កីឡាករ ទាំងបាល់ទាត់ និងបាល់ទះ ចាប់ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៥ នូវពានរង្វាន់១ និងអមដោយថវិកាមួយចំនួនផងដែរ។

សូមបញ្ចាក់ថា ឆ្លងតាមរយៈនៃការប្រកួតរយៈពេល៤សប្តាហ៍ ជាលទ្ធផលផ្លូវការគឺ៖ *វិញ្ញាសាបាល់ទាត់បុរស ចំណាត់ថ្នាក់លេខ១ បានមកលើយុវជនបេះដូងប្រម៉ោយ, លេខ២ យុវជន ស.ស.យ.ក ឃុំប្រម៉ោយ, លេខ៣ យុវជនឃុំក្រពើពីរ និងលេខ៤ យុវជនឃុំអូរសោម។ *វិញ្ញាសារបាល់ទះផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានមកលើយុវជនដំរី៥ ឃុំប្រម៉ោយ, លេខ២ យុវជនប៉ុស្តិ៍ថ្មដា ឃុំថ្មដា, លេខ៣ យុវជនត្បូងស្ទឹង ឃុំប្រម៉ោយ និងលេខ៤ ក្លិបគូប៊ូតា ឃុំប្រម៉ោយ៕