(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ធនាគារ មេយប៊ែង ខេមបូឌា គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន អេចអេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក ជាក្រុមហ៊ុនចែកចាយជាផ្លូវការ របស់ឡានម៉ាក AION នៅប្រទេសកម្ពុជា ក្នុងកិច្ចសហការផ្តល់ហិរញ្ញប្បទាន ដល់រថយន្ត AION ជារថយន្តអេឡិចត្រូនិច (EV) ប្រភេទទំនើបនៅកម្ពុជា។
កិច្ចសហការជាយុទ្ធសាស្ត្ររវាងធនាគារ មេយប៊ែង និងក្រុមហ៊ុន អេចអេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក ជាកិច្ចសហការលើសពីកិច្ចព្រមព្រៀងផ្នែងហិរញ្ញវត្ថុ និងបានឆ្លុះបញ្ចាំងពីការគាំទ្រ យ៉ាងមុះមត់របស់ភាគីទាំងពីរ ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈហិរញ្ញប្បទានបៃតង។ ស្នូលនៃភាពកិច្ចសហការជាដៃគូនេះ ជាការផ្តល់ជូនជាពិសេសនូវអត្រាការប្រាក់ ដែលមានអត្រាទាបជាងកម្ចីរថយន្តដទៃ០,៥% ជាការផ្តល់ជូនសម្រាប់កម្ចីរថយន្ត EV AION ពីធនាគារ មេយប៊ែង ក្នុងអំឡុងពេលកម្មវិធីប្រូម៉ូសិន។
អត្រាពិសេសនេះបានរួមចំណែក ធ្វើឲ្យរថយន្តនេះកាន់តែមានភាពទាក់ទាញ និងមានតម្លៃកាន់តែសមរម្យ ជាងរថយន្តប្រើប្រាស់សាំង និងម៉ាស៊ូតធម្មតា។ ភាពជាដៃគូនេះមានគោលបំណងជំរុញ ឲ្យមានការគាំទ្រកាន់តែទូលំទូលាយនូវយានយន្ត ដែលផ្តល់ការប៉ះពាល់ទាប ដល់បរិស្ថាននៅក្នុងប្រទេសកម្ពុជា។
AION គឺជាម៉ាករថយន្ត EV ដ៏ថ្មីស្រឡាងមួយស្របតាមស្តង់ដារពិភពលោក ដែលបំពាក់ដោយបច្ចេកវិទ្យា ផលិតភាពថាមពល និងបច្ចេកទេសក្នុងរថយន្តបែបទំនើប និងឆ្លាតវៃខណៈចូលរួមលើកកម្ពស់ ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សមាសធាតុសំខាន់នៃរថយន្តអគ្គិសនីនេះ ជាអាគុយ Magazine ដ៏ច្នៃប្រឌិតរបស់ខ្លួន ដែលត្រូវបានរចនា និងផលិតផ្តាច់មុខឡើងដោយ ក្រុមហ៊ុន GAC។
អាគុយដ៏ទំនើបនេះ ត្រូវបានបង្កើតដោយធាតុផ្សំគីមី ផូស្វាតដែកលីចូម (Lithium Iron Phosphate) និងមានភាពធន់ខ្លាំងទៅនឹងសីតុណ្ហភាពខ្ពស់ ដែលការពាររថយន្តពីការងាយរងផ្ទុះឆេះ។
បច្ចេកវិទ្យានេះត្រូវបានធ្វើតេស្តយ៉ាងម៉ត់ចត់ និងត្រឹមត្រូវរួមមានការធ្វើតេស្ត ដោយបាញ់គ្រាប់កាំភ្លើង ហើយជាលទ្ធផលនៃការធ្វើតេស្តជាច្រើន សារមិនបានបង្ហាញនូវសញ្ញារងគ្រោះនៃការផ្ទុះឬឆេះឡើយ ដែលនេះបានបង្ហាញពីប្រព័ន្ធសុវត្ថិភាព ដ៏គួរឲ្យកត់សម្គាល់របស់អាគុយរថយន្តនេះ។
រីឯរថយន្ត EV ម៉ូឌែល AION Y Plus មានការប្រើប្រាស់បច្ចេកវិទ្យាអាគុយ Magazine ស្តង់ដារ២.០ ដែលរឹតតែធានាបាននូវកម្រិតសុវត្ថិភាព ដែលមិនអាចប្រៀបផ្ទឹមបាន បច្ចេកវិទ្យានានារួមមាន ប្រព័ន្ធពន្លត់អគ្គីភ័យដោយស្វ័យប្រវត្តិ ប្រព័ន្ធរំសាយកំដៅកម្រិតខ្ពស់ និងមានការរចនាសម្ព័ន្ធអាគុយ ដែលមានស្ថេរភាពខ្ពស់បំផុត។ ទំនើបភាពទាំងនេះបានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្ត ពីរថយន្តអគ្គិសនីម៉ូឌែល AION Y Plus ចំពោះសុវត្ថិភាព និងទំនុកចិត្ត។
រថយន្តទំនើប EV ត្រូវបានដាក់តាំងបង្ហាញជាផ្លូវការតែមួយគត់ និងអាចរកទិញបាននៅសាលតាំងបង្ហាញរថយន្ត AION Cambodia។
លោក រ័ត្ន សោភ័ណ្ឌ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែងកម្ពុជា បានថ្លែងថា «នៅធនាគារ មេយប៊ែង មានការគាំពារខ្ពស់ ដល់និរន្តរភាព ទស្សនវិស័យ និងផែនការយុទ្ទសាស្រ្ត ក្នុងការផ្តល់ហិរញ្ញប្បទានរថយន្តអគ្គិសនី ជាការគាំទ្រយ៉ាងពេញទំហឹង ក្នុងការឆ្ពោះទៅកាន់អនាគតពណ៌បៃតង។ អនុស្សារណៈនៃការយោគយល់គ្នាមួយនេះ ជាការបង្ហាញនូវការគាំទ្រ ការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព ខណៈតែមួយដែលស្ថាប័ននឹងបន្តបង្កើនលទ្ធភាព ដើម្បីភាពជោគជ័យកាន់តែត្រចះត្រចង់ ក្នុងការបន្តផ្តល់ហិរញ្ញប្បទានដែលប្រកបដោយ ការទទួលខុសត្រូវខ្ពស់»។
លោកបានបន្តថា តាមរយៈការផ្តល់ហិរញ្ញប្បទាន ឥណទានរថយន្តប្រភេទអគ្កិសនីនេះ មានបំណងក្នុងការរួមចំណែកយ៉ាងសំខាន់ លើផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនការប្រើប្រាស់យានយន្តអគ្គីសនីនៅកម្ពុជា និងឈានទៅសម្រេចឲ្យបាននូវការ ប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្ត(ម៉ូតូ)អគ្គិសនីក្នុងអត្រា ៧០% ក្នុងឆ្នាំ២០៥០។ គំនិតផ្តួចផ្តើមមួយនេះ ជាយុទ្ធសាស្ត្រស្របទៅតាមចក្ខុវិស័យរបស់ធនាគារ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយ
ចីរភាព។
លោក ម៉េង ហេង អគ្គនាយកក្រុមហ៊ុន អេចអេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក ជាក្រុមហ៊ុននាំចូលផ្តាច់មុខរថយន្តម៉ាក AION បានលើកឡើងថា «ការប្តេជ្ញាចិត្តដើម្បីលើកកម្ពស់ចីរភាពត្រូវបានឆ្លុះបញ្ចាំង តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន AION។ ការនាំចូលនូវរថយន្តអគ្គិសនីនៅកម្ពុជា ជាការបង្ហាញពីនិន្នាការផ្លាស់ប្តូរក្នុងវិស័យយានយន្ត ហើយពិតជារំភើបដែលមានកិតិ្តយស ក្នុងការត្រួសត្រាយផ្លូវ សម្រាប់និន្នាការនេះ»។
បន្ថែមពីលើការបង្ហាញជំរើសរថយន្តថ្មី របស់ក្រុមហ៊ុន អេចអេច អូតូ ប្រេស្ទីហ្ស៍ ឯ.ក ក្រុមហ៊ុនផ្តល់ជូននូវអតិថិជន ក្នុងលទ្ធភាពក្នុងការលក់បន្តយានយន្ត ក្នុងតម្លៃដ៏សមរម្យផងដែរ។ អតិថិជនដែលទិញរថយន្ត AION EV Car ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២៤ នឹងទទួលបានអត្រាការប្រាក់ទាបជាងរថយន្តដទៃ០,៥% និងប្រាក់កម្ចីរហូតដល់ ៧០% ពីធនាគារ មេយប៊ែង៕